មេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan កាលពីថ្ងៃព្រហស្បតិ៍ បានសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់ SAF ក្នុងការកម្ចាត់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ។

លោក Al-Burhan ដែលជាប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ប្រទេសស៊ូដង់ បានធ្វើការអត្ថាធិប្បាយ នៅពេលថ្លែងទៅកាន់ប្រជាពលរដ្ឋ និងទាហាន នៅទីក្រុង Wad Madani ជារដ្ឋធានីនៃ រដ្ឋ Gezira ភាគកណ្តាលប្រទេសស៊ូដង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអធិបតេយ្យភាព។

កាលពីថ្ងៃទី ១១ ខែមករា កងម្លាំង SAF បានដណ្តើមយករដ្ឋធានី Wad Madani មកវិញ ពីកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ដែលបានគ្រប់គ្រងទីក្រុងនេះ អស់រយៈពេលជាងមួយឆ្នាំហើយនោះ។
លោកបាននិយាយថា៖«កងកម្លាំងប្រដាប់អាវុធ នឹងកម្ចាត់កងជីវពលឧទ្ទាម» ដោយសង្កត់ធ្ងន់ថា ប្រទេសរបស់លោក នឹងមិនស្ថិតនៅក្រោមសម្ពាធពីខាងក្រៅឡើយ ដោយសំដៅលើទណ្ឌកម្មថ្មី ដែលដាក់ដោយសហរដ្ឋអាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើលោក Al-Burhan ជុំវិញ «ការវាយប្រហារដ៍សាហាវ»ដោយកងទ័ពរបស់លោក ប្រឆាំងនឹងជនស៊ីវិល រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់ទណ្ឌកម្មលើមេបញ្ជាការ RSF លោក Mohamed Hamdan Dagalo ដែលក្រុមរបស់លោក សហរដ្ឋអាមេរិកចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ Darfur នៃប្រទេសស៊ូដង់។