ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការិយាល័យរបស់លោក ត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងការងារសិទ្ធិមនុស្ស នៅក្នុងប្រទេសលីបង់ និងបានអំពាវនាវឲ្យមានការវិនិយោគទៅលើនីតិរដ្ឋ នៅក្នុងប្រទេសនេះ។

លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងបេរូត (Beirut)ថា៖«ការិយាល័យរបស់ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងការងារសិទ្ធិមនុស្សរបស់យើង និងជួយជំរុញប្រទេសនេះ ខណៈដែលកំពុងឆ្ពោះទៅភាពរីកចម្រើននោះ។

លោក Turk បាននិយាយថា លោកបានផ្តល់ការគាំទ្រដល់ការិយាល័យរបស់ខ្លួន សម្រាប់កំណែទម្រង់ សំខាន់ៗដែលចាំបាច់ ដើម្បីពង្រឹងនីតិរដ្ឋ ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ និងតម្លាភាពនៃការងាររបស់ខ្លួន ក្នុងអំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីលីបង់ថ្មី និងនាយករដ្ឋមន្ត្រី ដែលទើបតែងតាំង។
លោកបានបន្ថែមថា៖«ខ្ញុំស្វាគមន៍ចំពោះការប្តេជ្ញាចិត្តជាសាធារណៈរបស់លោកប្រធានាធិបតី ក្នុងការធានាសមភាព យុត្តិធម៌ និងការការពារសម្រាប់ទាំងអស់គ្នា និងគោរពសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ»។
លោក Turk បានបញ្ជាក់ថា ជាមួយនឹងភាពជាអ្នកដឹកនាំថ្មី នៅក្នុងប្រទេសលីបង់ មានសន្ទុះសម្រាប់ស្ថិរភាពនយោបាយ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការអនុវត្តកំណែទម្រង់សំខាន់ៗ ដែលមានរយៈពេលយូរ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចសង្គម និងវិសមភាពដ៏ធ្ងន់ធ្ងរ ដែលប្រទេសលីបង់កំពុងប្រឈម។