នាយករដ្ឋមន្ត្រីកាតា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាតាទាមទារឲ្យអ៊ីស្រាអែល «ដកខ្លួនកងទ័ពចេញជាបន្ទាន់»ពីតំបន់ទ្រនាប់របស់ខ្លួន ជាមួយប្រទេសស៊ីរី។

លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយមេដឹកនាំស៊ីរី លោក Ahmed Al-Sharaa ថា៖«ការកាន់កាប់របស់អ៊ីស្រាអែលនូវ តំបន់ទ្រនាប់នេះ គឺជាទង្វើដែលខ្វះការពិចារណា។

លោក Sheikh Mohammed ក៏បានប្តេជ្ញាថា នឹងគាំទ្រដល់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសស៊ីរី ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិត ១៤ឆ្នាំនេះ។
លោក Sheikh Mohammed បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយលោក Ahmed Al-Sharaaថា៖«យើងនឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសចាំបាច់ ដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដំណើរការឡើងវិញ និងផ្តល់ការគាំទ្រដល់វិស័យអគ្គិសនី» ដោយបន្ថែមថា ប្រទេសកាតា «បន្តជួយដល់បងប្អូនស៊ីរីរបស់យើងសម្រាប់ភាពជាដៃគូនាពេលអនាគត។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កាតានឹងផ្គត់ផ្គង់ដល់ស៊ីរីនូវថាមពលអគ្គិសនី ២០០ មេហ្គាវ៉ាត់ ដែលនឹងត្រូវបង្កើនជាបណ្តើរៗ។