ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចាប់ខ្លួនមនុស្ស ១៥នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការបំផ្លិចបំផ្លាញ នៅក្នុងខេត្ត Sistan និងបាឡូជីស្ថាន( Baluchestan) ភាគអាគ្នេយ៍។

មូលដ្ឋាន Quds របស់កងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា ការចាប់ខ្លួនមនុស្សទាំងនេះ បានធ្វើឡើង ក្នុងអំឡុងពេល «ប្រតិបត្តិការសន្តិសុខ»ដែលកំពុងបន្ត។

សារព័ត៌មាន IRNA បានរាយការណ៍ថា កងកម្លាំងសន្តិសុខ បានកំណត់អត្តសញ្ញាណក្រុមនេះ នៅតំបន់ព្រំដែនរវាងប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន ហើយចាប់ខ្លួនពួកគេតាមរយៈប្រតិបត្តិការជើងគោក ដែលគាំទ្រដោយមន្រ្តីស៊ើបការណ៍សម្ងាត់ ឧទ្ធម្ភាគចក្រយោធា និងយានដ្រូន។
ប្រតិបត្តិការនេះ ក៏ឈានដល់ការរឹបអូសបានឃ្លាំងផ្ទុកអាវុធ និងគ្រាប់រំសេវមួយចំនួនធំផងដែរ ។
ខេត្ត Sistan និងបាឡូជីស្ថាន ដែលជាខេត្តជាប់ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន គឺជាទីតាំងនៃការវាយប្រហារភេរវកម្មជាច្រើនលើក ដែលបានកំណត់គោលដៅទាំងជនស៊ីវិល និងកងកម្លាំងសន្តិសុខ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។