ចក្រភពអង់គ្លេស នឹងស្វែងរកជម្រើសសម្រាប់ការដាក់ពង្រាយមូលដ្ឋានយោធា និងទីតាំងការពារផ្សេងទៀត ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីប្រកាសភាពជាដៃគូរយៈពេល ១០០ឆ្នាំរបស់ចក្រភពអង់គ្លេស និងអ៊ុយក្រែន ដែលចេញផ្សាយដោយការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងគីវ។
ឯកសារនោះ បានលើកឡើងថា៖«ចក្រភពអង់គ្លេស នឹងធ្វើការជាមួយអ៊ុយក្រែន ដើម្បីកំណត់តម្រូវការយោធារួម សហការលើលទ្ធភាព ដើម្បីពង្រីកសមត្ថភាពនិងបច្ចេកវិទ្យាឲ្យកាន់តែទូលំទូលាយ ដែលយើងអាចផលិតរួមគ្នាបាន។ អ្នកចូលរួមនឹងស្វែងរកជម្រើសសម្រាប់ដាក់ពង្រាយ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធការពារ នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងមូលដ្ឋានយោធា ឃ្លាំងផ្ទុកភ័ស្តុភារ កន្លែងស្តុកគ្រឿងយុទ្ធោបករណ៍ម្រុង និងឃ្លាំងស្តុកទុកសម្រាប់សង្គ្រាម។ គ្រឿងបរិក្ខារទាំងនេះ អាចត្រូវបានប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពការពាររបស់ពួកគេផ្ទាល់ ក្នុងករណីមានការគំរាមកំហែងផ្នែកយោធាយ៉ាងសំខាន់ៗកើតឡើង»។
ភាគីនានាក៏មានបំណង «សហការក្នុងការបង្កើតយន្តការឆ្លើយតបរហ័សដែលអាចបត់បែនបាន រួមទាំងការបង្កើត ការថែទាំ និងការប្រើប្រាស់រួមគ្នានៃទម្រង់យោធា និងរចនាសម្ព័ន្ធឯកទេសផ្សេងទៀត ដើម្បី ផ្តល់សេវាការពារ និងសន្តិសុខ ទៅវិញទៅមកយ៉ាងទូលំទូលាយ»។ សេចក្តីប្រកាសនោះ បានបញ្ជាក់ថា៖«យន្តការទាំងនេះ នឹងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលអាចកើតឡើង នៅលើទឹកដីនៃប្រទេសនីមួយៗ ហើយប្រសិនបើចាំបាច់ កើតឡើងនៅលើទឹកដីរបស់សម្ព័ន្ធមិត្ត និងរដ្ឋផ្សេងទៀត»។