យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឲ្យដឹងថា បុគ្គលិកកងទ័ពជើងទឹកប្រទេសម៉ិកស៊ិក បានកំណត់ទីតាំងនិងរុះរើ មន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់មួយកន្លែងក្នុងទីក្រុង Sinaloa ដោយរារាំងការផលិតថ្នាំញៀនសំយោគ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលជាមួយការិយាល័យរដ្ឋអាជ្ញាសហព័ន្ធ ដែលបានរកឃើញមន្ទីរពិសោធន៍ នៅជិតរដ្ឋធានីរបស់រដ្ឋ ដែលមានទំហំប្រហែល១.៥០០ម៉ែត្រក្រឡា។
អាជ្ញាធរ បាននិយាយថា ពួកគេបានរឹបអូសផលិតផលសម្រេចចំនួន១៥គីឡូក្រាម និងសារធាតុគីមី ព្រមទាំងឧបករណ៍ ក្នុងបរិមាណច្រើន។
មន្ទីរពិសោធន៍ និងសម្ភារៈ ត្រូវបានកម្ទេចចោលនៅនឹងកន្លែង ដើម្បីទប់ស្កាត់ការផលិតថ្នាំញៀនបន្ថែមទៀត។
ទន្ទឹមនឹងនេះ អាជ្ញាធរប្រទេសម៉ិកស៊ិក ក៏បានប្រកាសថា ពួកគេស្ទាក់ចាប់បានទូកចំនួន ៣ គ្រឿង នៅជិតឆ្នេរ Cabo San Lucas ដោយរឹបអូសបានកូកាអ៊ីនចំនួន ២,១៩ តោន។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បាននិយាយថា ប្រតិបត្តិការនេះ ក៏បានឈានទៅដល់ការចាប់ខ្លួនពលរដ្ឋម៉ិកស៊ិក៩នាក់ផងដែរ។
ឧទ្ធម្ភាគចក្រ យន្តហោះពីរគ្រឿង និងការល្បាតដែនសមុទ្រ ត្រូវបានដាក់ពង្រាយសម្រាប់ការស្ទាក់ចាប់នេះ។ សមាជិកក្រុមដែលត្រូវបានឃាត់ខ្លួន និងថ្នាំញៀនដែលរឹបអូសបាន ត្រូវបានប្រគល់ទៅឲ្យការិយាល័យរដ្ឋអាជ្ញា។