ប្រទេសរ៉ូម៉ានី នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីជាថ្មី នៅខែឧសភា បន្ទាប់ពីតុលាការរបស់ប្រទេស បានធ្វើមោឃភាពលទ្ធផលនៃការបោះឆ្នោតជុំទីមួយកាលពីឆ្នាំមុន ដែលបេក្ខជនគេពុំសូវស្គាល់ម្នាក់ បានទទួលជ័យជម្នះបន្ទាប់ពីធ្វើយុទ្ធនាការខ្លាំងតាមបណ្តាញសង្គម TikTok ។
រដ្ឋាភិបាលប្រទេសរ៉ូម៉ានី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរការឡើងវិញនៃការបោះឆ្នោតជុំទីមួយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែឧសភា។ កាលពីខែវិច្ឆិកា ឆ្នាំមុន បេក្ខជនគាំទ្រទីក្រុងមូស្គូ លោក Calin Georgescu បាននាំមុខក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីមួយ ដោយឈានទៅរកការបោះឆ្នោតជុំទី២។
ប៉ុន្តែតុលាការធម្មនុញ្ញរបស់ប្រទេសរ៉ូម៉ានី បានចាត់ទុកលទ្ធផលជាមោឃៈ នៅក្នុងខែធ្នូ។ សេចក្តីសម្រេចចិត្ត បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរ៉ូម៉ានី បានប្រកាសជាចំហរឯកសារជាច្រើន ដែលនិយាយថាប្រទេសរ៉ូម៉ានី អាចជាគោលដៅនៃការជ្រៀតជ្រែករបស់រុស្ស៊ី ហើយវីដេអូរបស់ លោក Georgescu ត្រូវបានផ្សព្វផ្សាយដោយអ្នកដែលមានបំណងផ្សព្វផ្សាយគំនិតគាំទ្ររុស្ស៊ី។
គេពុំដឹងនោះទេថា តើលោក Georgescu នឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីជាថ្មី ឬយ៉ាងណា ប៉ុន្តែការព្រមានកំពុងរាលដាលក្នុងចំណោមគណបក្សនយោបាយធំៗ និងគណបក្សដទៃទៀត។ ប្រជាជនរ៉ូម៉ានី មានកំហឹងចំពោះការលុបចោលលទ្ធផលបោះឆ្នោត ដោយចេញធ្វើបាតុកម្មតាមផ្លូវកាលពីដើមខែនេះ។