ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រទី១៧ ខែមករា នេះថា ទីភ្នាក់ងារនឹងស្នើឱ្យតុលាការទីក្រុងសេអ៊ូល បន្ថែមពេលឃុំខ្លួន លោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចាប់ខ្លួន ខណៈមេដឹកនាំរូបនេះ បានបដិសេធម្តងទៀតក្នុងការសាកសួរធ្វើឡើងដោយក្រុមអ្នកស៊ើបអង្កេត ក្នុងពេលកំពុងត្រូវបានឃុំខ្លួននៅឯមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូល។
ដោយគ្រវីទង់ជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្រុមអ្នកគាំទ្រលោក Yoon បានស្រែកពាក្យស្លោក ខណៈពួកគេបានចេញមកតវ៉ានៅខាងក្រៅមណ្ឌលឃុំឃាំង ជាកន្លែងដែលលោកត្រូវបានឃុំខ្លួន។
កាលពីថ្ងៃពុធ ទី១៥ ខែមករា លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ជុំវិញការស៊ើបអង្កេត ថាតើលោកបានប្រព្រឹត្តការបះបោរ នៅពេលដែលលោកបានដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លី កាលពីដើមខែធ្នូ ដែរឬទេ។
ដើម្បីឃុំខ្លួន លោក Yoon បានកាន់តែយូរ ក្រុមអ្នកស៊ើបអង្កេតនៅការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលកំពុងដឹកនាំការស៊ើបអង្កេត ចាំបាច់ត្រូវស្នើសុំឱ្យតុលាការអនុម័តដីកាឃុំខ្លួន រហូតដល់រយៈពេល២០ថ្ងៃ។

