ក្រសួងការបរទេសដែលមានសម្ព័ន្ធភាពជាមួយកងទ័ពរបស់ប្រទេសស៊ូដង់ បានច្រានចោលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងប្រមុខកងទ័ពលោក Abdel Fattah Al-Burhanថា ជា«ទង្វើអសីលធម៌» ដោយនិយាយថា ពួកគេ «ខ្វះមូលដ្ឋានគ្រឹះនៃយុត្តិធម៌ និងតម្លាភាព»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានលើកឡើងថា ទណ្ឌកម្ម «បង្ហាញតែការភាន់ច្រលំ និងយុត្តិធម៌ទន់ខ្សោយ» បន្ទាប់ពីសង្រ្គាមរយៈពេល ២១ ខែរវាងកងទ័ព និងកងកម្លាំងយោធាប៉ាគាំទ្ររហ័ស( RSF) ដែលក្នុងនោះ ក្រសួងការបរទេស បាននិយាយថា លោក Burhan កំពុង «ការពារប្រជាជនស៊ូដង់ប្រឆាំងនឹង ផែនការប្រល័យពូជសាសន៍»។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងលោក Burhan ដោយចោទប្រកាន់កងទ័ពថា បានវាយប្រហារសាលារៀន ទីផ្សារ និងមន្ទីរពេទ្យ និងប្រើប្រាស់ការបង្អត់អាហារ ជាអាវុធសង្គ្រាម។
ការដាក់ទណ្ឌកម្មនេះ បានកើតឡើង មួយសប្តាហ៍បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើ មេបញ្ជាការកងកម្លាំងយោធាប៉ាគាំទ្ររហ័ស( RSF) លោក Mohamed Hamdan Dagalo ដោយចោទប្រកាន់ក្រុមរបស់លោកថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។