មនុស្សជាច្រើន បានដើរទិញអីវ៉ាន់ នៅទីផ្សារមួយកន្លែងក្នុងទីក្រុង Khan Younis ក្នុងតំបន់ហ្កាហ្សា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា នេះ ខណៈគណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល កំណត់ពេលដើម្បីអនុម័តកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយក្រុមហាម៉ាស។
កិច្ចព្រមព្រៀងបទឈប់បាញ់ បានកើតមានកាលពីថ្ងៃពុធ ក្រោយការសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះ បញ្ជាក់ពីបទឈប់បាញ់ដំបូងរយៈពេល៦សប្តាហ៍ដោយការដកកងកម្លាំងអ៊ីស្រាអែលជាបន្តបន្ទាប់។ ចំណាប់ខ្មាំង រាប់សិបនាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន រួមមានស្ត្រី កុមារ មនុស្សចាស់ និងអ្នកជំងឺ នឹងត្រូវបានដោះលែងជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល។
វាបានត្រួសត្រាយផ្លូវ សម្រាប់ការបង្កើនជំនួយមនុស្សធម៌នៅតំបន់ហ្កាហ្សា ជាកន្លែងដែលប្រជាជនភាគច្រើនភៀសខ្លួន ប្រឈមនឹងភាពអត់ឃ្លាន ជំងឺ និងភាពត្រជាក់។
យោងតាមអាជ្ញាធរតំបន់ហ្កាហ្សា បានឲ្យដឹងថា ប្រសិនបើជោគជ័យ នោះបទឈប់បាញ់នឹងបញ្ឈប់ការប្រយុទ្ធគ្នាដែលបានបំផ្លាញតំបន់ហ្កាហ្សាយ៉ាងធ្ងន់ធ្ងរ សម្លាប់មនុស្សជាង៤៦.០០០នាក់ និងប្រជាជនភាគច្រើនក្នុងចំណោមប្រជាជនមុនសង្គ្រាមចំនួន២,៣លាននាក់ បានភៀសខ្លួនចេញពីតំបន់ហ៊ុមព័ទ្ធមួយនេះ។

