ប្រមុខអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) បានលើកឡើងថា ការវិលត្រលប់របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ទៅអង្គុយកៅអីសេតវិមានវិញ នាសប្តាហ៍ក្រោយ គំរាមកំហែងដល់សិទ្ធិសេរីភាព ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយព្រមានថា អាណត្តិទី២ របស់លោក អាចនឹងមានផលប៉ះពាល់អាក្រក់ច្រើនជាងអាណត្តិទី១ របស់លោកទៅទៀត។
ការអត្ថាធិប្បាយបែបនេះរបស់លោកស្រី Tirana Hassan នាយកប្រតិបត្តិនៃក្រុមសិទ្ធិមនុស្សឯករាជ្យដែលមានមូលដ្ឋាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើតឡើងនៅពេលដែលក្រុមនេះចេញផ្សាយរបាយការណ៍ពិភពលោករបស់ខ្លួនដែលពិនិត្យតាមដានមើលការអនុវត្តសិទ្ធិជាង ១០០រដ្ឋ។

នៅមុនការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំនេះ លោកស្រី Hassan បានប្រាប់សារព័ត៌មាន Reuters ថា៖ «អាណត្តិដំបូងរបស់រដ្ឋបាលលោក Trump បានបង្ហាញយើងនូវអ្វីដែលពួកគេអាចធ្វើ និងជាពិសេស បានបង្ហាញពីកង្វះខាតនៃការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស»។
ដោយនិយាយសំដៅទៅលើសំណុំនៃសំណើគោលនយោបាយអភិរក្សនិយម និងគម្រោងបើកប្រតិបត្តិការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ លោកស្រីបានបន្ថែមថា៖ «ប៉ុន្តែគម្រោង ឆ្នាំ២០២៥ (Project 2025) និងសេចក្តីថ្លែងការណ៍ដែលយើងបានឮពីប្រធានាធិបតី (បន្ទាប់) បានចាប់ផ្តើមបង្ហាញឲ្យឃើញរួចហើយថា នឹងមានការរំលោភសិទ្ធិជនអន្តោប្រវេសន៍យ៉ាងខ្លាំងក្លា»។
មេធាវីជនជាតិអូស្ត្រាលី លោកស្រី Hassan ដែលបានតំណាងឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោន បានបញ្ជាក់ថា សូរសំឡេងដែលបន្លឺឡើងដោយរដ្ឋបាលរបស់លោក Trump អាចជំរុញឲ្យមេដឹកនាំផ្តាច់ការ នៅជុំវិញពិភពលោក អនុវត្តនូវគោលនយោបាយរឹតបន្តឹងសិទ្ធិសេរីភាព។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកស្រី Hassan ក្រុមរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំធ្វើការអត្ថាធិប្បាយ៕

