ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu «ត្រូវតែរកវិធី ដើម្បីជួយដោះស្រាយដល់កង្វល់ស្របច្បាប់» របស់ពលរដ្ឋប៉ាឡេស្ទីន ដើម្បីឲ្យអ៊ីស្រាអែលមាននិរន្តរភាពយូរអង្វែង។
នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយ MSNBC លោក Biden ដែលត្រូវប្រគល់តំណែងប្រធានាធិបតីទៅឲ្យសមាជិករបស់គណបក្សសាធារណរដ្ឋ គឺលោក Donald Trump នៅថ្ងៃទី២០ ខែមករា បាននិយាយថា៖ ហើយគំនិតដែលថា អ៊ីស្រាអែលនឹងអាចជួយខ្លួនឯងបានយូរអង្វែង ដោយមិនចាំបាច់ជួយដោះស្រាយកង្វល់របស់ប្រជាជនប៉ាឡេស្ទីននោះ វាមិនកើតឡើងឡើយ»។

លោក Biden បានបន្ថែមថា៖ «ហើយនាពេលថ្មីៗនេះ ខ្ញុំបានបន្តរំលឹកមិត្តរបស់ខ្ញុំ ហើយគាត់ គឺជាមិត្តម្នាក់ ទោះបីជាយើងមិនមានគំនិតស្របគ្នាទាំងស្រុងក៏ដោយ ដោយខ្ញុំបានប្រាប់ Bibi Netanyahu ថា គាត់ត្រូវរកវិធីជួយដោះស្រាយកង្វល់ស្របច្បាប់របស់មនុស្សមួយក្រុមធំ ដែលហៅថា ប៉ាឡេស្ទីន ដែលគ្មានកន្លែងរស់នៅដោយឯករាជទេ»។
គួរបញ្ជាក់ថា លោក Biden បានប្រឈមនឹងការរិះគន់ពីអ្នកតស៊ូមតិសិទ្ធិមនុស្សជាច្រើន សម្រាប់ការគាំទ្រទាំងផ្នែកយោធា និងការទូតរបស់លោក ចំពោះអ៊ីស្រាអែល អំឡុងការវាយលុកយោធារបស់ប្រទេសនេះលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ ការវាយប្រហារនេះបាននាំឲ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍ តែអ៊ីស្រាអែលបដិសេធការចោទប្រកាន់នេះ។
លោក Biden ពេលខ្លះ បានរិះគន់លោក Netanyahu ប៉ុន្តែបានបន្តការគាំទ្រយ៉ាងរឹងមាំ ចំពោះសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ ទីក្រុងវ៉ាស៊ីនតោន កាលថ្ងៃទី១៦ ខែមករា បានលើកឡើងថា ខ្លួនរំពឹងថា កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសប៉ាឡេស្ទីន នឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា៕


