បាល់ទាត់៖ ក្លិបអ៊ីតាលី Genoa បានប្រកាសពីការតែងតាំងអ្នកចាត់ការថ្មីលោក Andriy Shevchenko ជំនួសលោក Davide Ballardini។ អតីតខ្សែប្រយុទ្ធក្រុមជំរើសជាតិអ៊ុយក្រែនរូបនេះបានព្រមព្រៀងដឹកនាំ Genoa ដល់ឆ្នាំ២០២៤ ដោយទទួលបានប្រាក់ឈ្នួល ១.៧លានផោនក្នុងមួយឆ្នាំ។
Genoa ទើបតែប្រកាសបញ្ចប់តំណែងលោក Davide Ballardini បន្ទាប់ពី Genoa ប្រកួតស្មើ ២-២ ជាមួយនឹងក្រុមឡើងថ្មី Empoli កាលពីសុក្រសប្តាហ៍មុន។ Andriy Shevchenko ធ្លាប់មានបទពិសោធរស់នៅទឹកដីអ៊ីតាលីក្រាសក្រែល ក្នុងពេលអាជីពជាកីឡាករដោយធ្លាប់ចំណាយពេល ៧ឆ្នាំជាមួយ AC Milan លេងបាន ២០៨ប្រកួតរកបាន ១២៧គ្រាប់ជួយក្រុមឈ្នះជើងឯក Italia Serie A, Coppa Italia និង UEFA Champions League។ ក្រោយមកបុរសវ័យ ៤៥ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពជាអ្នកចាត់ការនៅឆ្នាំ២០១៦ ដឹកនាំក្រុមជំរើសជាតិអ៊ុយក្រែនរហូតដល់ឆ្នាំ២០២១ ទើបលាលែងពីតំណែងក្រោយបញ្ចប់យុទ្ធនាការប្រកួតនៅពានរង្វាន់ទ្វីបអឺរ៉ុប Euro ២០២០។ Genoa កំពុងឈរលេខ ១៨ ក្នុងតារាងក្របខណ្ឌអ៊ីតាលី Serie A ក្រោយលេងបាន ១២ប្រកួតរកជ័យជំនះបានតែ ១ប្រកួតប៉ុណ្ណោះ៕
អត្ថបទ៖នាង សុភាវុធ