ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) កាលពីថ្ងៃប្រហស្បតិ៍ (ទី១៦ ខែមករា) បានប្រាប់ឲ្យដឹងថា ខ្លួនបានរកឃើញថា ការដាក់គោលដៅមានប្រៀបរបស់ចិន លើវិស័យសាងសង់នាវា ដែនសមុទ្រ និងភស្តុភារជាសកល គឺ «មិនត្រឹមត្រូវឡើយ» ហើយអាចត្រូវជួបជាមួយនឹងការចាត់វិធានការនានា ក្រោមច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ការរកឃើញនៃការស៊ើបអង្កេតរបស់ USTR ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៤ ខែមករា មិនបានរួមបញ្ចូលអនុសាសន៍ជាក់លាក់នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងប៉េកាំង ដោយទុកឲ្យការសម្រេចពីវិធានការបន្ទាប់ជាភារៈរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
USTR បានឲ្យដឹងថា របាយការណ៍របស់ខ្លួន «គាំទ្រការប្តេជ្ញាចិត្ត ដែលថា ការដាក់គោលដៅរបស់ចិន លើផ្នែកដែនសមុទ្រ ភស្តុភារ និងការកសាងនាវា ដើម្បីមានឥទ្ធិពលគ្របដណ្ដប់នោះ គឺមិនត្រឹមត្រូវឡើយ ដោយដាក់បន្ទុក ឬដាក់កម្រិតលើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយហេតុដូច្នេះ អាចនឹងជួបការចាត់វិធានការ ក្រោមច្បាប់ពាណិជ្ជម្មរបស់អាមេរិក។
ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញការស៊ើបអង្កេតនេះ៕