ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០២៤ ដោយចំនួនអ្នកស្លាប់មានច្រើនជាងអត្រាកំណើតដែលកើនឡើងតិចតួច ហើយអ្នកជំនាញបានព្រមានថា ការធ្លាក់ចុះនឹងកាន់តែអាក្រក់ទៅៗ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ការិយាល័យស្ថិតិជាតិ នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ បានឲ្យដឹងថា ចំនួនប្រជាជនសរុប នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ១,៣៩លាននាក់ ដោយធ្លាក់មកនៅចំនួន ១,៤០៨ពាន់លាននាក់ ក្នុងឆ្នាំ២០២៤ ធៀបនឹងចំនួន ១,៤០៩ពាន់លាន នៅឆ្នាំ២០២៣។

ទិន្នន័យនេះបានជួយគាំទ្រកាន់តែខ្លាំងឡើងដល់ក្ដីបារម្ភ ដែលថា ប្រទេសមានសេដ្ឋកិច្ចធំទី២ របស់ពិភពលោកមួយនេះ នឹងជួបការលំបាក នៅពេលដែលចំនួនកម្មករ និងអ្នកប្រើប្រាស់ ធ្លាក់ចុះ។
ការចំណាយកាន់តែខ្ពស់ពីការថែទាំមនុស្សវ័យចាស់ និងអត្ថប្រយោជន៍ចូលនិវត្តន៍ ក៏ទំនងជាបង្កើតជាបញ្ហាបន្ថែមទៀត សម្រាប់រដ្ឋាភិបាលក្នុងតំបន់ដែលជំពាក់បំណុលរួចហើយ។
ការិយាល័យស្ថិតិ បានបង្ហាញថា ចំនួនកំណើតសរុបរបស់ប្រទេស គឺ ៩,៥៤លាននាក់ ធៀបនឹង ៩,០២លាននាក់ ក្នុងឆ្នាំ២០២៣។ អត្រាកំណើតបានកើនឡើងដល់ ៦,៧៧កំណើត ក្នុងមនុស្ស ១.០០០នាក់ នៅឆ្នាំ២០២៤ ធៀបនឹង ៦,៣៩កំណើត ក្នុងមនុស្ស ១.០០០នាក់ នៅឆ្នាំ២០២៣។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១០,៩៣លាននាក់ ក្នុងឆ្នាំ២០២៤ ធៀបនឹង ១១,១លាននាក់ ក្នុងឆ្នាំ២០២៣។
អត្រាកំណើតរបស់ប្រទេសចិន បាន និងកំពុងធ្លាក់ចុះអស់ជាច្រើនទស្សវត្សមកហើយ ដោយសារគោលនយោបាយមានកូនតែម្នាក់ ដែលប្រទេសនេះបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ ក៏ដូចជាការអភិវឌ្ឈទីក្រុងយ៉ាងឆាប់រហ័សផងដែរ៕


