នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា លោក Mohammed bin Abdulrahman Al Thani បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាដៃគូជាមួយរដ្ឋបាលថ្មីរបស់ប្រទេសស៊ីរី ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។
ថ្លែងជាមួយមេដឹកនាំបណ្តោះអាសន្នរបស់ស៊ីរី លោក Ahmed al-Sharaa ក្នុងសន្និសីទសារព័ត៌មានរួមមួយ លោក Al Thani បានសង្កត់ធ្ងន់លើ «តម្រូវការបន្ទាន់» ដើម្បីដកទណ្ឌកម្មលើប្រទេសស៊ីរី ដើម្បីធានាបាននូវការបន្តសេវាកម្មសាធារណៈ និងការស្តារសេដ្ឋកិច្ចឡើងវិញ។
លោក Al Thani បានលើកឡើងថា៖«យើងកំពុងចាប់ផ្តើមសករាជថ្មីមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសស៊ីរី ហើយកាតា កំពុងផ្តល់ជំនួយរបស់ខ្លួន ក្នុងភាពជាដៃគូ» ។
លោក Al Thani បាននិយាយថា ប្រទេសរបស់លោក កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់រដ្ឋបាលស៊ីរីថ្មីសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសស៊ីរី ដោយបន្ថែមថា ប្រទេសកាតា នឹងផ្គត់ផ្គង់ថាមពលដល់ស៊ីរីចំនួន ២០០ មេហ្គាវ៉ាត់ ដែលនឹងកើនឡើងជាបណ្តើរៗ ដល់តំបន់ចំនួន ១០ នៅស៊ីរី។
លោកបានបញ្ជាក់បន្ថែមទៀតថា មេដឹកនាំនៃប្រទេសកាតា គ្រោងនឹងធ្វើទស្សនកិច្ចនៅស៊ីរី នាពេលខាងមុខ ហើយបានប្រកាស «ការជំរុញដ៏សំខាន់» នៅក្នុងគម្រោងកាតា-ស៊ីរី នាពេលខាងមុខ។
លោក Al Thani ក៏បានថ្កោលទោសទង្វើនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល នៅក្នុងតំបន់គ្មានយោធា ដោយអំពាវនាវឲ្យដកកងទ័ពចេញជាបន្ទាន់។
នៅក្នុងសុន្ទរកថារបស់ខ្លួន លោក al-Sharaa បានគូសបញ្ជាក់ថា ការរុលចូលរបស់អ៊ីស្រាអែល ទៅក្នុងតំបន់ទ្រនាប់ ក្រោមលេសនៃការប្រឆាំងក្រុមជីវពលអ៊ីរ៉ង់ គឺមិនសមហេតុផលទៀតទេ «បន្ទាប់ពីការរំដោះទីក្រុងដាម៉ាស( Damascus)នោះ។