នាយករដ្ឋមន្ត្រី លោក Viktor Orban នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ បានប្រាប់វិទ្យុរដ្ឋថា ការដាក់ទណ្ឌកម្មដោយរដ្ឋបាលជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លើប្រធានខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី គឺលោក Antal Rogan ដែលទទួលបន្ទុកសេវាសម្ងាត់ បានត្រឹមមកជួយពង្រឹងតួនាទីរបស់លោកឲ្យកាន់តែរឹងមាំប៉ុណ្ណោះ។
លោក Orban បាននិយាយការពារជំនួយការសំខាន់របស់ខ្លួន នៅក្នុងសុន្ទរកថាដំបូងរបស់លោក អំពីបញ្ហានេះ ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក Rogan ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពុករលួយ កាលពីដើមខែនេះ។ ការិយាល័យខុទ្ទកាល័យរបស់លោក Orban បានចាត់ទុកចំណាត់ការរបស់សហរដ្ឋអាមេរិកនេះថា ជា «ការសងសឹកកំប៉ិកកំប៉ុក និងចុងក្រោយ» របស់ឯកអគ្គរដ្ឋទូតជិតផុតអាណត្តិរបស់អាមេរិក។
លោក Orban បានប្រាប់វិទ្យុនោះថា៖ «លោក (Rogan) គឺជារដ្ឋមន្ត្រីទទួលបន្ទុកសេវាសន្តិសុខជាតិ ដែលជាស្ថាប័នការពារលេខ១ នៃអធិបតេយ្យភាពជាតិហុងគ្រី ហើយប្រសិនបើលោកត្រូវបានដាក់ទណ្ឌកម្មដោយប្រទេសមានអំណាចធំ នោះមានន័យថា លោកបំពេញការងាររបស់លោកបានល្អ ដូច្នេះនេះ គឺជាមូលដ្ឋាននៃការយល់ដឹងពីស្ថានការណ៍របស់យើង»។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជាតិនិយម ដែលជាអ្នកគាំទ្រដ៏យូរអង្វែងណាស់មកហើយ ចំពោះប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បាននិយាយថា លោកប្រមើលមើលជាមុនពី «យុគសម័យមាស» សម្រាប់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងហុងគ្រី ក្រោមការដឹកនាំរបស់លោក Trump៕