វាយកូនបាល់៖ ក្រុមវាយកូនបាល់ស្ត្រីរុស្ស៊ីបានក្លាយជាជើងឯកនៃពានរង្វាន់ Billie Jean Cup ដែលពីមុនហៅថា Fed Cup ក្រោយយកឈ្នះក្រុមស្វ៊ីសនៅវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅរដ្ឋធានីប្រាកនៃសាធារណរដ្ឋឆេក រុស្ស៊ីបានយកឈ្នះដោយលទ្ធផល ២-០ ដែលជ័យជំនះលើកទី៥ ក្នុងព្រឹត្តិការណ៍ និងជាលើកដំបូងតាំងពីឈ្នះចុងក្រោយនៅឆ្នាំ២០០៨។

កីឡាការិនី Daria Kasatkina បានយកឈ្នះកីឡាការិនីលេខ២ របស់ស្វ៊ីស Jil Teichmann ៦-២ និង ៦-៤ មុនពេលដែលកីឡាការិនី Liudmila Samsonova យកឈ្នះកីឡាការិនីលំដាប់លេខ ១៧ ពិភពលោក Belinda Bencic ៣-៦, ៦-៤ និង ៦-៤។ Samsonova ដែលចាប់ផ្ដើមឆ្នាំ២០២១ ជាមួយនឹងលំដាប់ថ្នាក់ពិភពលោកលេខ ១២៧ នោះនៅពេលបានឈានឡើងមកដល់លេខ ៤០ ដែលជាចំណាត់ថ្នាក់ល្អបំផុតក្នុងអាជីព ក្រោយជ័យជំនះវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងរបស់នាងលើកនេះ។ មុនមកដល់វគ្គនេះរុស្ស៊ីបានយកឈ្នះក្រុមអាមេរិកកាលពីថ្ងៃសុក្រ ខណៈស្វ៊ីសបានយកឈ្នះអូស្ត្រាលីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ រុស្ស៊ី និងស្វ៊ីសក្នុងនាមជាក្រុមឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះ នឹងមានកៅអីដោយស្វ័យប្រវត្តិមិនចាំបាច់ជំរុះក្នុងព្រឹត្តិការណ៍ឆ្នាំក្រោយ៕
អត្ថបទ៖នាង សុភាវុធ