ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រ (ទី១៧ ខែមករា) បានរាយការណ៍ថា ការផលិតអគ្គិសនីរបស់សហភាពមីយ៉ាន់ម៉ា បានធ្លាក់ចុះមកដល់កម្រិតត្រឹមពាក់កណ្តាលនៃតួលេខធម្មតា ដោយសារតែពួកឧទ្ទាម បានបំផ្លាញបណ្តាញបញ្ជូនដ៏សំខាន់ ដែលបណ្តាលឲ្យមានការដាច់ភ្លើងរយៈពេលយូរ នៅក្នុងតំបន់ដ៏ធំទូលាយរបស់ប្រទេស។
បណ្ដាញសារព័ត៌មាននោះ បានបន្ថែមថា កង្វះខាតឧស្ម័នធម្មជាតិ ក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ ក៏បានរួមចំណែកកាត់បន្ថយការផលិតមកត្រឹមតែ ២.២០០មេហ្គាវ៉ាត់ (MW) ក្នុង ១ថ្ងៃ ដោយធ្លាក់ពីតួលេខធម្មតា ៤.០០០មេហ្គាវ៉ាត់។
នេះជាការទទួលស្គាល់ដ៏កម្រមួយនៃអសមត្ថភាពរបស់របបយោធា ក្នុងការដោះស្រាយជាមួយហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ក្នុងរយៈពេលជិត ៤ឆ្នាំ បន្ទាប់ពីក្រុមយោធាដ៏មានឥទ្ធិពល បានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតពីអំណាច រហូតបង្កឲ្យមានសង្គ្រាមស៊ីវិលដែលបានគ្របដណ្ដល់លើប្រទេសក្រីក្រមួយនេះ។
ដោយសំដៅទៅដល់តំបន់ទីក្រុងសំខាន់ៗចំនួន ២ និងរដ្ឋធានី សារព័ត៌មាន Global New Light Of Myanmar បានរាយការណ៍ថា៖ «បច្ចុប្បន្នអគ្គិសនីកំពុងត្រូវបានផ្គត់ផ្គង់ដល់តំបន់ Yangon ក្នុងកម្រិត ៤៨ភាគរយ តំបន់ Mandalay ១៧ភាគរយ និងតំបន់ផ្សេងទៀត ក្នុងនោះរួមទាំងរួមទីក្រុងណៃពិដោផងដែរ ៣៥ភាគរយ»។
ការដាច់ចរន្តអគ្គិសនី បានមានសភាពកាន់តែអាក្រក់ទៅៗ ក្នុងឆ្នាំ២០២៥ នេះ នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Yangon ដោយការផ្គត់ផ្គង់មានកំណត់រយៈពេល ៤ម៉ោង ហើយបន្ទាប់មក បិទរយៈពេល ៨ម៉ោង ដោយនេះស្ថិតក្នុងផែនការដែលក្រសួងថាមពល បានបង្ហាញកាលពីសប្តាហ៍មុន៕