រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ បាននិយាយថា យន្តហោះល្បាតដែនសមុទ្ររបស់ប្រទេសបារាំង គឺជាគោលដៅនៃការបំភិតបំភ័យរបស់រុស្ស៊ី នៅលើសមុទ្របាល់ទិក កាលពីថ្ងៃពុធ (ទី១៥ ខែមករា)។
លោក Sebastien Lecornu បាននិយាយថា យន្តហោះនោះកំពុងល្បាតនៅក្នុងដែនអាកាសអន្តរជាតិ នៅពេលដែលវាត្រូវបានទាញចូលក្នុងរ៉ាដានៃប្រព័ន្ធការពារបាញ់ពីដីទៅអាកាស S400។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «សកម្មភាពបង្កហេតុរបស់រុស្ស៊ីនេះ គឺមិនអាចទទួលយកបាននោះឡើយ»។
គួរបញ្ជាក់ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) បានឲ្យដឹងកាលពីចុងខែធ្នូឆ្នាំមុនថា ខ្លួននឹងបង្កើនវត្តមានរបស់ខ្លួន នៅសមុទ្របាល់ទិក បន្ទាប់ពីមានការសង្ស័យ ជុំវិញការបំផ្លិចបំផ្លាញខ្សែថាមពល និងខ្សែអ៊ីនធឺណិតចំនួន ៤ខ្សែ នៅក្រោមបាតសមុទ្រ។
ចំណែកយន្តហោះបារាំងកំពុងបំពេញបេសកកម្មសង្កេតការណ៍របស់អង្គការណាតូ នៅម្ដុំឆ្នេរប្រទេសស៊ុយអែត ដោយតាមត្រួតពិនិត្យនាវានានា ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីតាមមើលនាវាសង្ស័យកុំឲ្យដាច់ពីក្រសែភ្នែក។ លោក Lecornu បានប្រាប់បន្ថែមថា៖ «កងកម្លាំងប្រដាប់អាវុធរបស់យើង នឹងបន្តវិធានការការពារសេរីភាពនៃការធ្វើចរាចរណ៍ ទាំងនៅក្នុងដែនអាកាស និងដែនទឹកអន្តរជាតិ»។
បណ្តាប្រទេសបាល់ទិក មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការដាច់ខ្សែថាមពល តំណភ្ជាប់ទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ន ឬប្រេង ចាប់តាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕