ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំអង្គភាព CMAC ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ពៅ នេពីន អត្តលេខ៩៣៦៤៨៦ ស្ថិតនៅភូមិតេជោ ឃុំភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងសពលោក អឿន ចាន់ដារ៉ា អត្តលេខ៩៣៦៤៩៣ ស្ថិតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនតោន ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនរំដោះដីស្រែប្រជាពលរដ្ឋស្ថិតនៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
កន្លងមកនេះ។
ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកអង្គភាពCMAC ឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធលោក អឿន ចាន់តារា និងលោក ពៅ នេពីន បានទៅកាន់ឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនាមជាថ្នាក់ដឹកនាំព្រមទាំងមន្ត្រីបុគ្គលិកអង្គភាពCMACទាំងមូល ក្រៅពីមានការសោកស្ដាយយ៉ាងពន់ពេកចំពោះហេតុការណ៍គ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការ បោសសម្អាតមីននោះ ឯកឧត្តម ហេង រតនា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឪពុកម្តាយជីដូនជីតា បងប្អូន កូនរបស់លោក ពៅ នេពីននិង លោក អឿនចាន់តារា ដែលបានចូលរួមចំណែកលះបង់ និងធ្វើពលីកម្មជាមួយរាជរដ្ឋាភិបាល និងអង្គភាពCMAC ដើម្បីបុព្វហេតុសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍនៃសង្គមជាតិ លើសមរភូមិបោសសម្អាតឃាតករលាក់មុខគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា សង្គ្រាមបានបញ្ចប់! ប្រទេសជាតិមានសន្តិភាពពេញលេញអស់រយៈពេលជាង២៦ឆ្នាំហើយ ប៉ុន្តែសំណល់សង្គ្រាមដូចជាគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកគីមី និងអាវុធជាតិផ្ទុះជាច្រើនប្រភេទនៅសេសសល់រាយប៉ាយកប់ក្នុងដី ក្នុងទឹក តាមភូមិករ តាមព្រៃប្រឹក្សានៃទឹកដីព្រះរាជាណាចក្រដ៏កំសត់នេះនៅឡើយ។ រាជរដ្ឋាភិបាលបានបន្តខិតខំបោសសម្អាត និងកម្ចាត់ចោលសំណល់យុទ្ធភណ្ឌសង្គ្រាមដោយឆន្ទះមុតស្រួច ដើម្បីធានានូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ៕ អត្ថបទ៖ ភារម្យ







