ភ្នំពេញ ៖ នៅថ្ងៃស្អែកនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ហើយក៏ជាថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ឆ្នាំ២០២១។ នៅក្នុងឱកាសថ្ងៃកំណើតកងទ័ពនេះ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់កងទ័ពកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ដែលជាចំណែកធ្វើឲ្យស្ថានភាពជំងឺកូវីដនៅកម្ពុជាមានភាពធូរស្រាល។
ប្រជាពលរដ្ឋ បានមើលឃើញថា ក្នុងអំឡុងពេលកូវីដនេះ កងទ័ពកម្ពុជា បានចូលទៅតំបន់ក្រហមនានា ដែលមានការភ័យខ្ពស់នៃការរាតត្បាតមេរោគកូវីដ១៩ ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ ជាពិសេសជាងនេះទៀត កងទ័ពក៏បានចូលរួមចំណែកជួយព្យាបាលអ្នកជំងឺកូវីដ១៩ និងការអប់រំផ្សព្វផ្សាយពីបញ្ហាកូវីដ១៩ ជាដើម រហូតធ្វើឲ្យស្ថានភាពកូវីដ១៩ មានការធូរស្រាលខ្លាំងរហូតមកដល់បច្ចុប្បន្ន។
ពលរដ្ឋ ថ្លែងថា ក្រៅពីការចូលរួមពន្លឿនការចាក់វ៉ាក់សាំងដើម្បីពង្រឹងភាពស៊ាំរបស់ប្រជាពលរដ្ឋជាមួយ នឹងមេរោគកូវីដ១៩ នៅក្នុងសហគមន៍ កងទ័ពកម្ពុជា ក៏បានចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ការពាររាជរដ្ឋាភិបាល ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសជួយប្រជាពលរដ្ឋនៅតាមតំបន់ជួបគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិនានាទៀតដោយមិនគិតការនឿយហត់។
សូមបញ្ជាក់ថា ពេលបច្ចុប្បន្ន ក្រុមពេទ្យកងទ័ព បាននិងកំពុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ហើយនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ កងទ័ពក៏នឹងចុះទៅចាក់វ៉ាកសាំងដូសទី ៣ ដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តចំនួន ៨ ទៀត មានដូចជា ខេត្តតាកែវ កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ ជាដើម៕
អត្ថបទ ៖ ស៊ុម សុខជា