ប្រមុខទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែមករា ថា ការវាយប្រហារលើក្បួនរថយន្តដឹកជំនួយនៅតំបន់ហ្កាហ្សាស្ទ្រីបដោយក្រុមចោរលួច និងក្រុមជនអន្ធពាលប្រដាប់អាវុធ អាចធ្លាក់ចុះដោយសារតែការផ្តល់ជំនួយមនុស្សធម៌ចូលច្រើនសន្ធឹកសន្ធាប់ទៅក្នុងតំបន់នេះ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
លោកបាននិយាយថា ទីភ្នាក់ងារ UNRWA មានរថយន្តដឹកជំនួយចំនួន៤.០០០គ្រឿង ដែលពាក់កណ្តាលជាស្បៀងអាហារ និងម្សៅ បានត្រៀមរួចរាល់ដើម្បីចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនមានស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ផ្តល់ឲ្យប្រជាជនជាងមួយលាននាក់ ក្នុងរយៈពេលបីខែ។
ពេញមួយសង្រ្គាមរយៈពេល១៥ខែ អង្គការសហប្រជាជាតិ បានពណ៌នាប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌របស់ខ្លួនថាជាឱកាសនិយម ដែលប្រឈមនឹងបញ្ហានានាដោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការរឹតត្បិតដំណើរការចូលក៏បានធ្វើឡើងដោយអ៊ីស្រាអែលនៅក្នុងនិងនៅទូទាំងតំបន់ហ្កាហ្សា ហើយថ្មីៗនេះមានការចូលលួចដោយក្រុមជនអន្ធពាលប្រដាប់អាវុធ។
ប្រមុខទីភ្នាក់ងារ UNRWA លោក Philippe Lazzarini បាននិយាយថា «ប្រសិនបើយើងចាប់ផ្តើមបញ្ជូនជំនួយច្រើនសន្ធឹកសន្ធាប់ចូលក្នុងតំបន់ហ្កាហ្សា នោះក៏អាចកាត់បន្ថយផងដែរនូវភាពតានតឹងបែបនេះ»។ ប៉ុន្តែជាក់ស្តែង យើងក៏ចាំបាច់ត្រូវចូលទៅដល់ប្រជាជនតាមលំដាប់លំដោយ គ្មានការរំខាន និងគ្មានការរារាំង។

