ឧបទ្ទវហេតុជាបន្តបន្ទាប់ បានកើតឡើងនៅទូទាំងកោះហុកកៃដូ របស់ប្រទេសជប៉ុន ដែលពាក់ព័ន្ធនឹងការធ្លាក់ពីលើដំបូល អំឡុងពេលយកព្រិលចេញ ដែលបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់រងរបួស។
នៅម៉ោងប្រហែល១០:២០នាទីព្រឹក កាលពីថ្ងៃសុក្រ បុរសអាយុ ៨៨ ឆ្នាំម្នាក់ បានធ្លាក់ពីលើដំបូលផ្ទះរបស់លោកក្នុងទីក្រុង Iwamizawa ។ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែបានស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ។ នគរបាលបានរាយការណ៍ថា លោកកំពុងកាយព្រិលចេញតែម្នាក់ឯងនៅពេលនោះ។
ភ្លាមៗក្រោយពេលថ្ងៃត្រង់ ស្ត្រីអាយុ៧០ឆ្នាំម្នាក់ទៀត ត្រូវបានគេប្រទះឃើញដួលនៅក្បែររោងមួយកន្លែងក្នុងក្រុង Bifuka ហើយត្រូវបានប្រកាសថាស្លាប់។ អាជ្ញាធរបានជឿថា អ្នកស្រីបានធ្លាក់ ខណៈពេលកំពុងបោសសម្អាតព្រិលតែម្នាក់ឯងពីលើដំបូលរោង។
នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀត នៅក្នុងក្រុង Shibetsu កម្មករក្រៅម៉ោងអាយុ៧៣ឆ្នាំម្នាក់ បានធ្លាក់ ខណៈកំពុងយកព្រិលចេញពីដំបូលយានដ្ឋានរបស់ក្រុមហ៊ុន។ លោក បានរងរបួសធ្ងន់បាក់ស្មាខាងស្តាំ។ នគរបាលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រុងប្រយ័ត្ន រួមទាំងការពាក់ឧបករណ៍សុវត្ថិភាព នៅពេលកាយយកព្រិលចេញពីលើដំបូល។

