ភ្នំពេញ ៖ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ គ្រោងបញ្ចប់ឆាប់ៗនេះ គ្រូពេទ្យចាក់វ៉ាក់សាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
លោកស្រីវេជ្ជបណ្ឌិត ទេព ចិន្តា អនុប្រធានមន្ទីរពេទ្យបង្អែកចតុមុខ ក្នុងរាជធានីភ្នំពេញ បានឲ្យ ដឹងថា តាមការគ្រោងទុក យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ នឹងបញ្ចប់ក្នុងសប្តាហ៍នេះ ដូច្នេះលោកស្រី បានអំពាវនាវដល់ពលរដ្ឋ ឱ្យរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងឲ្យបានមុនការបិទបញ្ចប់យុទ្ធនាការ។ ហើយត្រូវបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ទោះបានចាក់វ៉ាក់សាំងរួចក្តី។
ពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែ វិច្ឆិកានេះ បន្តទៅទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ នៅមន្ទីរពេទ្យបង្អែកចតុមុខ ដោយក្ដីរំពឹងថា ការចាក់វ៉ាក់សាំង ដូសទី៣នេះ គឺអាចការពារកុំឲ្យរងគ្រោះដោយសារមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី និងងាយស្រួលចូលក្នុងសង្គម ដែលត្រូវបានតម្រូវឱ្យរស់នៅតាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩នេះ។ ពួកគេ បានអគុណ ចំពោះរាជរដ្ឋាភិបាល ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ជៀសឆ្ញាយពីជំងឺកូវីដ។
តាមការគ្រោងទុកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនពលរដ្ឋអាយុ១៨ឆ្នាំ ឡើង នៅខណ្ឌចំនួនបីចុងក្រោយគេបង្អស់ ក្នុងរាជធានីភ្នំពេញ គឺខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វា និង ខណ្ឌព្រែកព្នៅ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះ។ បើទោះបីយុទ្ធនាការត្រូវបានបញ្ចប់ តែពលរដ្ឋ អាចបន្តទៅចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ពួកគេ ចាប់ពី ដូសទី១ រហូតដូសទី៣ ៕
អត្ថបទ៖ ទូច សោភ័ណ