ស្ថាប័នការពារពលរដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃសុក្រ (ទី១៧ ខែមករា) បានឲ្យដឹងថា អ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសបង្ហូរឈាមយ៉ាងសន្ធាប់របស់ខ្លួន នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៦នាក់ ពោលគឺបន្ទាប់ពីមានការប្រកាសពីកិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃពុធ (ទី១៥ ខែមករា)។
ស្ថាប័នការពារពលរដ្ឋនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកស្លាប់រួមមានទាំងកុមារ ៣០នាក់ និងស្ត្រី ៣២នាក់ ខណៈដែល ២៦៥នាក់ បានរងរបួសក្នុងកម្រិតផ្សេងៗគ្នា។
ហើយបើយោងតាមសេចក្តីថ្លែងការណ៍មួយពីអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា បានឲ្យដឹងនៅថ្ងៃសុក្រនោះថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៦.៨៧៦នាក់ និងបណ្ដាលឲ្យរបួស ១១០.៦៤២នាក់ផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សា។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការកើនឡើងនូវចំនួនអ្នកស្លាប់ និងរបួសនេះ បានកើតមានបន្ទាប់ពីមនុស្សយ៉ាងតិច ៨៨នាក់ បានបាត់បង់ជីវិត និង ១៨៩នាក់ផ្សេងទៀត បានរងរបួស ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងឲ្យមានបទឈប់បាញ់ និងដោះដូរចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានការសម្រុះសម្រួលយ៉ាងយកចិត្តទុកដាក់ដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងដំណាក់កាលដំបូងរយៈពេល ៤២ថ្ងៃ ដែលការប្រយុទ្ធគ្នាជាង ១៥ខែ នៅតំបន់ហ្កាហ្សានេះ នឹងបញ្ឈប់ ហើយចំណាប់ថ្នូរ ៣៣នាក់ដែលត្រូវបានឃុំខ្លួន នៅហ្កាហ្សា នឹងត្រូវបានដោះលែង ជាថ្នូរនឹងសេរីភាពរបស់អ្នកទោសប៉ាឡេស្ទីន៕



