ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃសៅរ៍ (ទី១៨ ខែមករា) នេះថា ករណីជំងឺអុតស្វា ឬអឹមផក (Mpox) ត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ែបៃហ្សង់ ដោយបន្ថែមថា អ្នកជំងឺត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ និងកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ។
សារព័ត៌មាន Interfax បានដកស្រង់សម្តីរបស់ក្រសួងសុខាភិបាល និងស្ថាប័នគ្រប់គ្រងអង្គភាពផ្នែកវេជ្ជសាស្រ្ដ (TABIB) របស់អាស៊ែបៃហ្សង់ ដែលបាននិយាយថា អ្នកជំងឺ គឺជាជនជាតិអាស៊ែបៃហ្សង់អាយុ ២២ឆ្នាំ ដែលបានធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ចាប់ពីថ្ងៃទី ២-១១ ខែមករា។
សារព័ត៌មាន Interfax បានឲ្យដឹងទៀតថា ២-៣ថ្ងៃបន្ទាប់ពីវិលការត្រលប់មកវិញ រូបគេបានទៅគ្លីនីកក្នុងរដ្ឋធានីបាគូរបស់ប្រទេសអាស៊ែបៃហ្សង់ ដោយរៀបរាប់ពីភាពល្ហិតល្ហៃ គ្រុនក្តៅ កន្ទួលលើស្បែក ហើមកូនកណ្តុរ និងឈឺសាច់ដុំ។
តែយ៉ាងណាក្ដី ក្រសួង និង TABIB មិនបានបញ្ជាក់ពីទីកន្លែងបរទេសដែលអ្នកជំងឺបានទៅនោះទេ។ Interfax បានឲ្យដឹងបន្ថែមថា សមាជិកគ្រួសារដែលបានទំនាក់ទំនងជាមួយអ្នកជំងឺមិនមានចេញសញ្ញាពីជំងឺនេះទេ ហើយកំពុងស្ថិតនៅក្រោមការតាមដាន នៅផ្ទះ។
គួររំលឹក កាលពីខែសីហាឆ្នាំមុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពសាធារណៈជាសាកល បន្ទាប់ពីផ្ទុះជំងឺអឹមផក នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរីករាលដាលដល់ប្រទេសជិតខាង និងហួសទៅកាន់តំបន់នៃប្រទេសផ្សេងទៀត៕

