គេហទំព័រព័ត៌មាន Mizan របស់តុលាការ បានរាយការណ៍ថា ចៅក្រមតុលាការកំពូល ២នាក់ ត្រូវបានបាញ់បណ្ដាលឲ្យសម្លាប់ នៅទីក្រុងតេរ៉ង់ នៅថ្ងៃសៅរ៍ (ទី១៨ ខែមករា) នេះ ហើយចៅក្រមម្នាក់ទៀត បានរងរបួស។
គេហទំព័រនេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើង បានសម្លាប់ខ្លួនបន្ទាប់ពីបានបាញ់ប្រហារទៅលើចៅក្រម នៅខាងក្រៅតុលាការកំពូល។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា អង្គរក្សរបស់ចៅក្រមម្នាក់ បានរងរបួសផងដែរ។ មូលហេតុនៃការធ្វើឃាតនេះ មិនទាន់ដឹងច្បាស់នៅឡើយទេ។
តុលាការបានបង្ហាញអត្តសញ្ញាណចៅក្រមដែលត្រូវបានសម្លាប់នេះថា ជាមេដឹកនាំឥស្លាមអ៊ីរ៉ង់ ដោយម្នាក់ឈ្មោះ Mohammad Moghiseh និងម្នាក់ទៀតឈ្មោះ Ali Razini។ កន្លងមក គេហទំព័ររបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយថា លោក Moghiseh បានចូលរួមក្នុងការកាត់ក្តីបុគ្គលដែលពួកគេពណ៌នាថា ជាអ្នកទោសនយោបាយ៕