ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ បានបន្តសម័យប្រជុំរដ្ឋសភា លើក ទី៥ នីតិកាលទី៦ និងបានសម្រេចយល់ព្រមលើសេចក្ដីព្រាងច្បាប់ចំនួន០៦ ដែលត្រូវបានតាក់តែងឡើង ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
កិច្ចប្រជុំរដ្ឋសភា នៅព្រឹកនេះ ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភា បានសម្រេចយល់ព្រមលើសេចក្តីព្រាងច្បាប់ ចំនួន០៦ រួមមាន ៖ ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម។
ទី២. សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ទី៣ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ទី៤. សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់ សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។
ទី៥. សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា និងទី៦. សេចក្តី ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគ រវាងបណ្តារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង។
សេចក្តីព្រាងច្បាប់ទាំង០៦នេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍ ប្រទេសជាតិ ប្រជាពលរដ្ឋ ធានាស្ថិរភាពសង្គម អធិបតេយ្យភាព និងសេដ្ឋកិច្ច ៕
អត្ថបទ៖ ទូច សោភ័ណ


