ភ្នំពេញ ÷ ឯកឧត្តម ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើក បានធ្វើការ ណែនាំដល់ក្រុមការងារគណបក្សនៃសង្កាត់សាលាកំរើកទាំងអស់ត្រូវបន្តបំពេញសេចក្តីត្រូវការរបស់ប្រជា ពលរដ្ឋឲ្យបានជាអតិបរមា និងត្រូវបន្តដំណើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីថែ រក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការក្រើនរំលឹក និងការណែនំរបស់ឯកឧត្តម ទៀ សុខា នេះគឺបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ទៀ សុខា ក៏បានសំដែងនូវការអបអរសាទរចំពោះសមាសភាពទាំងអស់ ដែលត្រូវបានគណបក្សផ្តល់សេចក្តីទុកចិត្តចាត់តាំងជាប្រធាន, អនុប្រធាន និងជាសមាជិកសមាជិកា ក្នុងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំងអស់ក្នុងសង្កាត់សាលាកំរើក នៃក្រុងសៀមរាប ខេត្តសៀមរាប។ នៅចំពោះមុខក្រុមការងារទាំងអស់ ឯកឧត្តមក៏បានរំលេចបន្ថែម អំពីគោលនយោបាយរបស់គណបក្ស ដែលប្រកាន់យកការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនជាធំ និងតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។
ឯកឧត្តមប្រធានក្រុមការងារសាលាសង្កាត់កំរើក ក៏បានណែនាំឲ្យក្រុមការងារ ដែលប្រកាសថ្មីនាថ្ងៃនេះ «ត្រូវបន្តសហការគ្នាជាមួយក្រុមការងារចាស់ ធ្វើការឱ្យបានល្អ មានឆន្ទៈមានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបំផុតទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ព្រមទាំងប្តេជ្ញាបន្តរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការកសាងសមិទ្ធផលថ្មីៗថែមទៀត និងប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនផងដែរ»។
ជាមួយគ្នានោះដែរ ឯកឧត្តម ទៀ សុខា ក៏បានរំលឹកផងដែរថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេស មានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយបានបង្កលក្ខណៈឲ្យជីវភាពសង្គមមានដំណើរការប្រកបដោយភាពវិជ្ជមាន៕
អត្ថបទបាន ចក់









