កំពង់ចាម ៖អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យវឌ្ឍនភាពការសាងសងផ្លូវបេតុងមួយខ្សែ ស្ថិតនៅស្រុកស្ទឹងត្រង់។
បន្ទាប់ពីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង មណ្ឌលសុខភាពពាមកោះស្នា រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ នឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើល វឌ្ឍនភាពនៃការសាងសងផ្លូវបេតុងអាមេ ១ខ្សែ ដែលមានប្រវែងជាង ២០០០ម៉ែត្រ ស្ថិតនៅភូមិទួលពោធ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រជាពលរដ្ឋនៅក្នុងភូមិទួលពោធ បានឱ្យដឹងថា កន្លងទៅផ្លូវនេះ មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរទៅវិញទៅមកប្រចាំថ្ងៃពិសេសការដឹកកសិផល នារដូវវស្សាម្ដងៗ ហើយនៅពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការសាងសង់ផ្លូវបេតុងជូនពួកគាត់នៅពេលនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ដូច្នេះពួកគាត់អស់ក្ដីព្រួយបារម្ភនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ពិសេសនៅរដូវវស្សាឈានចូលមកដល់។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងភូមិទួលពោធបង្ហាញ សប្បាយរីករាយ និងថ្លែងអំណរគុណ រដ្ឋបាលខេត្តកំពង់ចាម ដែលបានជួយកសាងផ្លូវបេតុង ១ខ្សែនេះជូនពួកគាត់។
នាឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មានលំនៅដ្ឋានសងខាងផ្លូវ ដែលរងផលប៉ះពាល់ក្នុងរយៈពេលសាងសង់ សូមមានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនៃការសាងសង់នេះ អាចបណ្ដាលឱ្យបងប្អូនជួបការលំបាកខ្លះ ក្នុងការចេញចូល ប៉ុន្តែបន្ទាប់ពីផ្លូវនេះសាងសង់រួច ផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូន មានភាពងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលាផងដែរ។
សូមជម្រាបថា ផ្លូវបេតុងអាមេ ដែលកំពុងសាងសងនាពេលនេះជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម មានប្រវែងសរុប ២០០០ម៉ែត្រ ដែលមានទទឹង ៦ម៉ែត្រ, កម្រាស់ ០.១៥ម៉ែត្រ បច្ចុប្បន្នសម្រេចបានប្រមាណជាង ៦០ភាគរយហើយ៕









