ភ្នំពេញ ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងអនុសាខាស្រុកសំពៅលូន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព លោក ថៃ សឿន អាយុ៤២ឆ្នាំ ដែលបាត់បង់ជីវិត ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ខណៈកំពុងដឹកដំឡូងមីនចេញពីចំការ ក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម យូ ឡាណា បានមានប្រសាសន៍ថា៖ ការមកចូលរួមបុណ្យសពនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់នេះភ្លាម ស្របពេលដែលក្រុមការងារ កំពុងបំពេញបេសកម្ម នៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យរូបឯកឧត្តមមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងផ្តាំផ្ញើ រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ដែលបានទទួលរងគ្រោះដោយផ្ទុះមីនតោន បណ្តាលឲ្យបាត់បង់ជីវិតគួរឱ្យសោកសង្រេងនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោក ថៃ សឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់ពីបានចូលរួមបុណ្យរំលែកទុក្ខខាងលើ នៅថ្ងៃដដែលនេះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងក្រុមប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងអនុសាខាស្រុកសំពៅលូន បានបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន១០លានរៀល និងទឹកត្រចៀកកាំមួយកន្ត្រក ជូនលោក ផាន់ ភាព អាយុ៣៣ឆ្នាំ ដែលរងរបួសដោយផ្ទុះមីនតោនខណៈរួមដំណើរលើឡានដឹកដំឡូងមីចេញពីចំការ ជាមួយនឹងអ្នកដែលស្លាប់បាត់បង់ជីវិតខាងលើ ។ បច្ចុប្បន្ន លោក ផាន់ ភាព កំពុងសម្រាកព្យាបាលរបួសនៅផ្ទះ ក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តារ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្រុមគ្រួសារ សព និងអ្នករងរបួសដោយសារមីនតោនខាងលើ សូមគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខ និងជូនជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ក្រុមគ្រួសារ ទាំងពីរខាងលើ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន និងជន្មាយុយឺនយូរ។
អត្ថបទៈ សំ ងីម







