ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ និងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៥នេះ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានមានប្រសាសន៍លើកទឹកចិត្ត និងណែនាំដល់និស្សិតទាំងអស់ថា ដំណើរឈានចូលសាកលវិទ្យាល័យ គឺមានការលំបាក ដូច្នេះគួរគប្បីខិតខំរួមបញ្ចូលភាពចម្រុះ និងឱកាសនានាដែលមានដើម្បីស្វែងរកទេពកោសល្យរបស់ខ្លួន។ លើសពីនេះ ឯកឧត្តមបណ្ឌិត បានចង្អុលបង្ហាញនិងណែនាំបន្ថែមពីរបៀបរៀបចំផែនការនៃការសិក្សា និងការរស់នៅដើម្បីទទួលបានភាពរីកចម្រើនដល់ខ្លួនផងដែរ។
សម្រាប់រយៈពេល៤ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យខេមតិច បានវិវិត្តន៍ខ្លួនគួរឲ្យកត់សម្គាល់ ហើយក៏កំពុងបំពេញ សកម្មភាពរបស់ខ្លួនឈ្ពោះទៅមុខដើម្បីឱ្យស្របទៅតាមគោលបំណងនិងទិសដៅជាគ្រឹះស្ថានឧត្តមសិក្សា ដែលបណ្តុះបណ្តាលនិស្សិតលើមុខជំនាញដែលគាំទ្រដល់ការអភិវឌ្ឍន៏ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលដែលផ្តោតសំខាន់លើសហគ្រិនភាព និងការស្រាវជ្រាវនវានុវត្តន៍ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍទាំងវិស័យរដ្ឋនិងឯកជន។ ក្នុងនោះ មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ (AI Lab for Education) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យ ខេមតិច ក្រសួងអប់រំ យុវជននិងកីឡា និងដៃគូសំខាន់ៗជាច្រើនទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្រ្តទិន្នន័យដល់និស្សិតនិងគាំទ្រដល់ការសិក្សាស្រាវជ្រាវនវានុវត្តន៍ថ្មីៗផងដែរ។
នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥នេះ សាស្រ្តាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ
នៃសាកលវិទ្យាល័យខេមតិចបានបង្ហាញថា កម្មវិធិនេះគឺ ១)ស្វាគមន៍និស្សិតសម្រាប់ឆ្នាំសិក្សាថ្មី ២)ពង្រឹងទំនាក់ទំនងរវាងនិស្សិត សាស្រ្តាចារ្យ បុគ្គលិក ដៃគូឧស្សាកម្ម និងអាណាព្យាបាលនិស្សិត ៣)ប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម ៤)ពិធីប្រគល់ប័ណ្ណអាហារូបករណ៍ដោយតំណាងដៃគូ ៥)ពិធីកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំជាផ្លូវការ។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ការចូលរួមនេះ គឺជាការឆ្លុះបញ្ចាំងពីការគាំទ្រនិងឆន្ទៈរួមដំណើរដ៏មុតមាំរបស់ដៃគូទាំងអស់ដែលមិនអាចខ្វះបានជាមួយសាកលវិទ្យាល័យខេមតិច ក្នុងទិសដៅលើកកម្ពស់ការអប់រំឧត្តមសិក្សាប្រកបដោយគុណភា។ លោកបានសង្កត់ធ្ងន់ថា “ការផ្តល់ការអប់រំដែលមានគុណភាព គឺជាកាតព្វកិច្ចនៃយើងទាំងអស់គ្នា”។
សូមបញ្ជាក់ថា ខេមតិច គឺជាសាកលវិទ្យាល័យថ្មី ដែលមានមហិច្ឆតាផ្ដល់អោយនិស្សិតនូវ៖“មាគ៌ាឆ្ពោះទៅរកការទទួលស្គាល់ជាសកល និង បទពិសោធន៍សិក្សាប្រកបដោយឧត្តមភាពកម្រិតពិភពលោក ”។ បច្ចុប្បន្នសាកលវិទ្យាល័យខេមតិចត្រូវបានទទួលស្គាល់និងគាំទ្រលើគុណភាពនៃការបណ្តុះបណ្តាលពីសំណាក់រាជរដ្ឋាភិបាលក្រុមហ៊ុនឯកជន និងសាធារណជនទូទៅយ៉ាងទូលំទូលាយ។ សាកលវិទ្យាល័យខេមតិចបានខិតខំពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុននានាទាំងក្នុងតំបន់និងពិភពលោក។ តាមរយៈកិច្ចសហប្រតិបត្តិការនានានិស្សិតនៃសាកលវិទ្យាល័យនេះបានទទួលឱកាសផ្លាស់ប្តូរបទពិសោធន៍សិក្សា ការប្រកួតប្រជែង និងការហាត់ការងារនៅតាមបណ្តាក្រុមហ៊ុនដូចជា ធនគារ កាណាឌីយ៉ា និងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ជាដើម និងសាកលវិទ្យាល័យក្រៅប្រទេសរួមមាន សហរដ្ឋអាមេរិក ហូឡង់ ចិន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី៕












