អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យអ៊ីស្រាអែលដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីលីបង់ក្នុងរយៈពេលដែលបានព្រមព្រៀងគ្នានៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីក្រុងបេរូត (Beirut) កាលពីថ្ងៃសៅរ៍អំឡុងបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ប្រទេសលីបង់។
លោក Guterres បាននិយាយថា ឥឡូវនេះចាំបាច់ណាស់ក្នុងការមើលឃើញការដកកងកម្លាំងការពារអ៊ីស្រាអែលចេញពីទឹកដីលីបង់ និងការដាក់ពង្រាយក្នុងពេលដំណាលគ្នានៃកងកម្លាំងប្រដាប់អាវុធលីបង់នៅទូទាំងភាគខាងត្បូងលីបង់ក្នុងពេលវេលាដែលបានព្រមព្រៀងគ្នា។ ម្យ៉ាងវិញទៀតអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសលីបង់ត្រូវតែគោរព ហើយរដ្ឋលីបង់ត្រូវតែមានការគ្រប់គ្រងសព្វាវុធពេញលេញនៅទូទាំងទឹកដីលីបង់។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តសេចក្ដីសម្រេច១៧០១របស់អង្គការសហប្រជាជាតិ ដោយបន្ថែមថានឹងដាក់វេទិកាសម្រាប់ការអនុវត្តពេញលេញនៃសេចក្ដីសម្រេចនេះ និងគោលដៅចុងក្រោយរបស់ខ្លួន ដែលជាបទឈប់បាញ់ជាអចិន្ត្រៃយ៍រវាងលីបង់ និងអ៊ីស្រាអែល។
ឆ្លើយតបទៅនឹងសំណួរអំពីការធានាសម្រាប់ការរក្សាបទឈប់បាញ់នៅក្នុងប្រទេសលីបង់ លោក Guterres បាននិយាយថា លោកមានជំនឿថាកិច្ចព្រមព្រៀងដែលត្រូវបានបង្កើតឡើងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល នឹងត្រូវបានគោរព៕