អ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងមានចេតនាយកករណីឃាតកម្មលោក លឹម គឹមយ៉ា អតីតតំណាងរាស្រ្តធ្វើជាឈ្នាន់បន្តជីវិតនយោបាយ ដើម្បីមានឱកាសឆ្លើយឆ្លងជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«ករណីឃាតកម្មលោក លឹម គឹមយ៉ានេះ ភាគីខាងលោក សម រង្ស៊ី ទទួលផលចំនេញយ៉ាងច្រើនដូចជា មានលេសថ្មីៗទម្លាក់កំហុសទៅលើសម្ដេចតេជោ ហ៊ុន សែន ដើម្បីមានឱកាសបន្ដជីវិតនយោបាយរបស់គាត់កុំឱ្យវិស័យស្ងាត់ពេក និងមានឱកាសឆ្លើយឆ្លងជាមួយសម្ដេចតេជោផងដែរ»។
លោកបន្តថា៖«ខ្ញុំគិតថា រឿងនេះមិនមានអ្វីចម្លែកទេ ទណ្ឌិត សម រង្ស៊ី នៅតែចិញ្ចឹមចិត្តសងសឹងគំនុំផ្ទាល់ខ្លួនរបស់គាត់ ហើយទាញទម្លាក់ពីរឿងមួយចូលទៅរឿងមួយទៀតទៅលើរាជរដ្ឋាភិបាល ទាំងរឿង CLV រឿងកោះគុត រឿងព្រំដែនផ្សេងៗទៀត។ បំណងគាត់តែមួយ គឺសងសឹកគំនុំផ្ទាល់ខ្លួន និងបង្កចលចលក្នុងប្រទេស ដើម្បីគាត់មានឱកាសចូលស្រុកខ្មែរវិញ»។
អ្នកវិភាគរូបនេះបានបន្ថែមថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី រំកិលទៅកាន់ទីងងឹតតែខ្លាំងហើយ ដោយសារការជំរុញ ការអំពាវនាវ និងការកៀរគរប្រជាពលរដ្ឋផ្សេងៗទៀត ហាក់ដូចគ្មានពលរដ្ឋអើពើ និងជ្រោលច្របល់ទៅតាមការអំពាវនាវរបស់គាត់នោះទេ។ ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពលរដ្ឋកម្ពុជាគ្មានជំនឿលើអតីតមេដឹកនាំក្រុមឧទ្ទាមរូបនេះបន្តទៀតនោះទេ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានលើកឡើងផងដែរថា ទណ្ឌិត សម រង្ស៊ី តែងតែប្រើប្រាស់ទង្វើស្មោគគ្រោគគំរាមកំហែងសុខសន្តិភាព និងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។
លោកបញ្ជាក់ថា៖«លោក សម រង្ស៊ី សូម្បីតែសាកសពជនរងគ្រោះក៏លើកលែងដែរ គឺខ្លួនគាត់ផ្ទាល់ និងបក្ខពួកគាត់ពីរបីនាក់ហ្នឹង តែងតែប្រើប្រាស់សាកសពជនរងគ្រោះធ្វើជាជំនួញនយោបាយ ធ្វើជាឈ្នន់កេងចំនេញនយោបាយគ្រប់រូបភាព។ ក្នុងនាមយើងជាពលរដ្ឋខ្មែរដូចគ្នា យើងគួរតែចូលរួមរំលែកទុក្ខក្រុមគ្រួសារគាត់ ប៉ុន្ដែត្រូវកេងចំនេញពីទុក្ខសោកក្រុមគ្រួសារគាត់បែបនេះទេ»។
ការប្រើប្រាស់ល្បិចកលទុច្ចរិតរបស់លោក សម រង្ស៊ី កន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនក្លាយជាជនរងគ្រោះ និងមួយចំនួនទៀតបានក្លាយជាជនល្មើសដោយមិនដឹងខ្លួន ខ្លះជាប់ពន្ធនាគារ និងមួយចំនួនទៀតរត់ចោលស្រុក។ ក្នុងន័យនេះ លោក សំ សឿន បានកត់សម្គាល់ឃើញថា ពលរដ្ឋឈប់ជឿលើលោក សម រង្ស៊ី ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលភ្លូកទឹកភ្លូកដីទាំងសកម្មជនប្រឆាំង និងពលរដ្ឋនៅគ្រប់ទិសទី។
ទោះបីជាយ៉ាងណា លោកបានបន្ថែមថា កន្លងមកពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខត្រង់ៗនោះទេ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថា ជាការរំលោភសិទ្ធផ្សេងៗ ប៉ុន្តែពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផងដែរ។ នេះសបញ្ជាក់ថា ចំណាត់ការនានារបស់រាជរដ្ឋាភិបាលទៅលើក្រុមចលនាបដិវត្តន៍ពណ៌នេះពិតជាត្រឹមត្រូវទៅតាមច្បាប់។
ដូច្នេះ មានហេតុផលគ្រប់គ្រាន់ដែលប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីប្រឆាំងដាច់ខាតចំពោះចលនាឧទ្ទាមក្រៅច្បាប់ ដើម្បីការពារសុខសន្តិភាពឱ្យបានទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះគ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាម និងរបបប្រល័យពូជសាសន៍ទៀតឡើយ៕

