ប្រមុខទីប្រឹក្សាសន្តិសុខជាតិអាមេរិក របស់លោក Donald Trump បាននិយាយយ៉ាងដាច់អហង្ការកាលពីថ្ងៃអាទិត្យ (១៩ មករា) ថា ពួកសកម្មប្រយុទ្ធហាម៉ាស នឹងមិនគ្រប់គ្រងដែនដីហ្កាហ្សា បានទៀតនោះទេ។ លោក Mike Waltz បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា "ពួកគេមិនអាចក្លាយជាអង្គការភេរវករទៀតទេ ហើយពួកគេក៏នឹងមិនអាចគ្រប់គ្រងតំបន់ហ្កាហ្សា ម្ដងទៀតដែរ។

លោក Waltz ដែលជាអតីតសមាជិកសភា និងជាអ្នកនយោបាយជើងចាស់ជុំវិញវិបត្តិអាហ្វហ្គានីស្ថាន បានលើកឡើងច្បាស់ៗបែបនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបទឈប់បាញ់ដែលចរចាជាយូរ បានចូលជាធរមាននៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមដ៏បង្ហូរឈាម។

ទោះបីជាមានភាពមិនប្រាកដប្រជាច្រើនអំពីស្ថានការណ៍ទៅមុខនៃបទឈប់បាញ់ និងការស្ដារឡើងវិញរបស់ហ្កាហ្សា រួមទាំងស្ថេរភាពរយៈពេលវែងអាចត្រូវបានធានាក៏ដោយ ក៏លោក Waltz បានសម្តែងសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នលើបញ្ហានេះ។

ក្រុមអ្នកវិភាគព្រមានថា គេនឹងត្រូវការកិច្ចប្រឹងប្រែងការទូតដ៏ខ្លាំងក្លា រយៈពេលយូរ និងផ្តោតការយកចិត្តទុកដាក់ខ្លាំង ដើម្បីបង្កើតអនាគតដ៏មានស្ថិរភាព និងសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ប៉ុន្តែលោក Waltz បានសង្កត់ធ្ងន់ថា លោក Trump មានសមត្ថភាពក្នុងការជួយធ្វើឱ្យរឿងនោះកើតឡើងបាន៕