កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងម៉ានីល បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ មករា) ថា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាលើកទី៥ នៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងសកម្មភាពមួយដែលទំនងជាធ្វើឱ្យប្រទេសចិន ខឹងសម្បារ។

យោធាហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរៀបចំ "សកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រ" ជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដែលជាលើកដំបូងរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងជារួមលើកទីប្រាំ ចាប់តាំងពីការចាប់ផ្តើមសកម្មភាពរួមគ្នាក្នុងឆ្នាំ២០២៣ មក។

សកម្មភាពរួមគ្នាក្នុងដែនសមុទ្រនោះរួមមានក្រុមនាវាផ្ទុកយន្រហោះចម្បាំង Carl Vinson របស់អាមេរិក នាវាពិឃាតមីស៊ីលកំណត់គោលដៅចំនួនពីរ ឧទ្ធម្ភាគចក្រពីរគ្រឿង និងយន្តហោះ F-18 Hornet ពីរគ្រឿង។ ភាគីហ្វីលីពីន បានដាក់ពង្រាយនាវាចម្បាំង Antonio Luna នាវាល្បាត Andres Bonifacio យន្តហោះចម្បាំង FA-50 ចំនួនពីរគ្រឿង និងគ្រឿងយុទ្ធោបករណ៍ស្វែងរក និងជួយសង្គ្រោះរបស់កងទ័ពអាកាស។

ការចូលរួមផ្នែកសន្តិសុខរវាងសម្ព័ន្ធមិត្តទាំងពីរបានកើនឡើងយ៉ាងខ្លាំងនៅក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលបានជំរុញប្រទេសឱ្យកាន់តែខិតទៅជិតទីក្រុងវ៉ាស៊ីនតោន ដោយអនុញ្ញាតឱ្យមានការពង្រីកមូលដ្ឋានយោធាដែលកងកម្លាំងអាមេរិកអាចចូលបាន រួមទាំងមូលដ្ឋានទល់មុខនឹងកោះតៃវ៉ាន់ ផងដែរ៕