អ្នកគាំទ្ររាប់រយនាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន លោក Yoon Suk Yeol បានសម្រុកចូលអគារតុលាការមួយកាលពីព្រឹកថ្ងៃអាទិត្យ (១៩ មករា) បន្ទាប់ពីការឃុំខ្លួនរបស់លោកត្រូវបានបន្ថែមពេល ដោយវាយកម្ទេចបង្អួចទម្លុះចូលទៅខាងក្នុង ជាការវាយប្រហារមួយដែលមេដឹកនាំស្តីទីរបស់ប្រទេសនេះហៅថា "ជារឿងនឹកស្មានមិនដល់"។

លោក Yoon កាលពីថ្ងៃពុធ សប្ដាហ៍មុន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងកំពុងកាន់តំណែងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ខណៈលោកប្រឈមមុខនឹងការចោទប្រកាន់បះបោរ ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីថ្ងៃទី០៣ ខែធ្នូ ដែលធ្វើឱ្យកូរ៉េខាងត្បូង ធ្លាក់ចូលក្នុងចលាចលនយោបាយយ៉ាងជ្រៅ។

ភ្លាមៗបន្ទាប់ពីតុលាការប្រកាសសេចក្តីសម្រេចរបស់ខ្លួននៅម៉ោងប្រហែល ៣ទៀបភ្លឺ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ អ្នកគាំទ្ររបស់លោក Yoon បានឡោមព័ទ្ធអគារនេះ ខណៈនគរបាលកុបកម្មព្យាយាមរារាំងមិនឱ្យចូលក្នុង។ វីដេអូបង្ហាញឱ្យឃើញថា ក្រុមបាតុករបានប្រើបំពង់ពន្លត់អគ្គិភ័យរុញលើនគរបាលដែលយាមច្រកចូលខាងមុខ បន្ទាប់មកសម្រុកទៅខាងក្នុង បំផ្លាញសម្ភារៈការិយាល័យ បរិក្ខារ និងគ្រឿងសង្ហារឹមជាច្រើន។

នគរបាលបានស្តារសណ្តាប់ធ្នាប់ឡើងវិញប៉ុន្មានម៉ោងក្រោយមក ដោយបានចាប់ខ្លួនបាតុកររាប់សិបនាក់ ហើយព័ត៌មាន Yonhap រាយការណ៍ថា នគរបាល ៩នាក់រងរបួសក្នុងចលាចលនោះ ខណៈក្រុមសង្គ្រោះបន្ទាន់នៅជិតតុលាការក្រុងសេអ៊ូល និយាយថា មនុស្សប្រហែល ៤០នាក់បានរងរបួសស្រាល៕