ក្រុមសិទ្ធិជនអន្តោប្រវេសន៍នៅក្នុងប្រទេសម៉ិកស៊ិក បានធ្វើបាតុកម្មប្រឆាំងវិធានការប្រឆាំងអន្តោប្រវេសន៍របស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ដោយបានវាយរូបថ្លុកប្រដូចទៅនឹងរូបលោកTrump នៅជញ្ជាំងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ក្នុងទីក្រុង Tijuana ។

ក្រុមទាំងនេះ បានប្រមូលផ្តុំគ្នានៅរបងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ស្ថិតនៅលើឆ្នេរនៃទីក្រុង Tijuana នៅមុនពេលលោក Trump ចូលកាន់តំណែង នៅថ្ងៃទី២០ នេះ។

ពួកគេបានព្យួរបដា នៅលើជញ្ជាំងព្រំដែន តវ៉ាចំពោះចំណាត់ការរឹតត្បិតដ៏ខ្លាំងក្លារបស់រដ្ឋបាល លោក Trump នៅក្នុងអាណត្តិលើកទីពីររបស់លោក។
ក្រុមបាតុករ បានជំរុញឱ្យលោក Trump កុំឱ្យបញ្ចប់កម្មវិធី CBP One ដែលជួយសម្រួលដល់ការស្នើសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក។
លោក Trump បានសន្យាថា នឹងគ្រប់គ្រងព្រំដែន និងការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យកាន់តែតឹងរ៉ឹង ព្រមទាំងចាប់ផ្តើមប្រតិបត្តិការនិរទេសទ្រង់ទ្រាយធំ នៅថ្ងៃដំបូងរបស់លោកជាប្រធានាធិបតី។