គ្រួសាររបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល ដែលនៅតែត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស បានរៀបចំព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា ដើម្បីអរគុណដល់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីទទួលបានបទឈប់បាញ់ ប៉ុន្តែក៏បានជំរុញឱ្យលោកធ្វើដល់ទីបញ្ចប់ដើម្បីឱ្យចំណាប់ថ្នូរដែលនៅសល់ទាំងអស់ ត្រូវបានដោះលែង។

ស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់ ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សានៅមុនថ្ងៃនៃការចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ។

គ្រួសារចំណាប់ថ្នូរ និងអ្នកគាំទ្ររបស់ពួកគេ បានមកប្រមូលផ្តុំគ្នានៅ National Mall ទល់មុខវិមាន Washington ដើម្បីអំពាវនាវឱ្យ លោក Trump ធ្វើឱ្យប្រាកដថា កិច្ចព្រមព្រៀងបទឈប់បាញ់ច្រើនដំណាក់កាល ត្រូវបានអនុវត្តពេញលេញ។
ដំណាក់កាលដំបូងនៃបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមានបន្ទាប់ពីការពន្យារពេលបីម៉ោងក្នុងអំឡុងពេលដែលយន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែល បានបាញ់ផ្លោងលើតំបន់ហ្កាហ្សាស្ទ្រីប។ បទឈប់បាញ់នេះ អំពាវនាវឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា ជំនួយត្រូវបញ្ជូនចូលទៅតំបន់ហ្កាហ្សា ហើយចំណាប់ថ្នូរអ៊ីស្រាអែលនិងបរទេស៣៣នាក់ក្នុងចំណោមចំណាប់ថ្នូរជិត១០០នាក់ ត្រូវដោះលែងក្នុងដំណាក់កាលដំបូងរយៈពេល៦សប្តាហ៍ ជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីនជិត២.០០០នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។