លោក Donald Trump បានប្រាប់ហ្វូងមនុស្សរាប់ពាន់នាក់ក្នុងពិធីជួបជុំកាលពីថ្ងៃអាទិត្យ (១៩ មករា) ថា លោកនឹងដាក់ការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើអន្តោប្រវេសន៍ នៅថ្ងៃចូលកាន់តំណែងដំបូងរបស់ខ្លួន ដោយប្តេជ្ញាថានឹងបំពេញឱ្យបានឆាប់រហ័សនូវការសន្យាបង្រ្កាមជនអន្តោប្រវេសន៍ក្នុងយុទ្ធនាការប្រធានាធិបតី ខណៈថ្ងៃចន្ទ ២០ មករា នេះបានមកដល់ ជាថ្ងៃដែលលោកត្រលប់មកកាន់អំណាចវិញ។

លោក Trump បាននិយាយទៅកាន់ហ្វូងអ្នកគាំទ្រថា "នៅពេលព្រះអាទិត្យលិចនៅថ្ងៃស្អែក ការឈ្លានពានរបស់ជនអន្តោប្រវេសន៍លើប្រទេសរបស់យើង នឹងត្រូវបញ្ឈប់"។

ព្រឹត្តិការណ៍នេះគឺជាសុន្ទរកថាដ៏សំខាន់លើកដំបូងរបស់លោកនៅក្នុងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសុន្ទរកថានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ មក ហើយការជួបជុំនេះ ដែលរួមជាមួយនឹងសុន្ទរកថាឡើងកាន់តំណែងនៅថ្ងៃចន្ទ អាចបង្ហាញឱ្យឃើញនូវការដឹកនាំដែលលោកគ្រោងនឹងអនុវត្តក្នុងអំឡុងពេលអាណត្តិទីពីររបស់ខ្លួនក្នុងសេតវិមាន។

ផែនការនិរទេសរបស់លោក Trump បានធ្វើឱ្យជនអន្តោរប្រវេសន៍ដែលមិនមានការតាំងទីលំនៅថ្មី ក្លាយជាគោលដៅត្រូវនិរទេស រួមទាំងមនុស្សមួយចំនួន ដែលអ្នកតស៊ូមតិផ្នែកអន្តោប្រវេសន៍និយាយថា ជាអ្នកគោរពច្បាប់ អ្នករស់នៅយូរអង្វែងជាមួយប្តីប្រពន្ធ និងកូន ដែលមានសញ្ជាតិអាមេរិក៕