មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ជនស៊ីវិលយ៉ាងហោចណាស់១៨នាក់ បានស្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយកងកម្លាំងគាំទ្ររហ័ស(RSF) នៅភូមិមួយ ក្នុងរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។

លោក Ibrahim Khatir អគ្គនាយកនៃក្រសួងសុខាភិបាលរដ្ឋ បាននិយាយថា «កាលពីថ្ងៃចុងសប្តាហ៍ កងជីវពលកងកម្លាំងគាំទ្ររហ័ស(RSF) បានធ្វើការសម្លាប់រង្គាលនៅក្នុងភូមិ Jebel Hilla ភាគខាងកើតស្រុក Um Kadada ក្នុងរដ្ឋ North Darfur» ដោយថ្កោលទោសថាបានដាក់គោលដៅលើជនស៊ីវិល ដែលបានរៀបចំទុក ជាការរំលោភលើច្បាប់ និងបទដ្ឋានអន្តរជាតិ។ លោក បានជំរុញឲ្យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ធ្វើអន្តរាគមន៍ដើម្បីនាំយកអ្នកប្រព្រឹត្តមកទទួលខុសត្រូវ។

ទន្ទឹមនឹងនេះ ទីបញ្ជាការនៃកងពលធំថ្មើរជើងទី៦ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះចម្បាំងរបស់ខ្លួន បានបើកការវាយប្រហារតាមអាកាសចំនួនបីលើកកាលពីថ្ងៃសៅរ៍ ដោយដាក់គោលលើការប្រមូលផ្តុំនិងចលនារបស់កងកម្លាំងគាំទ្ររហ័ស(RSF) នៅតំបន់ភាគឦសាន និងភាគខាងត្បូងទីក្រុង El Fasher ជារដ្ឋធានីនៃរដ្ឋ North Darfur។ ដោយបានសម្លាប់អ្នកប្រយុទ្ធកងកម្លាំងគាំទ្ររហ័ស(RSF) ជាង៤០នាក់ និងជាច្រើននាក់ទៀតរងរបួស។
ប្រទេសស៊ូដង់ បានទទួលរងនូវជម្លោះដ៏បង្ហូរឈាមរវាងភាគីទាំងពីរ ចាប់តាំងពីពាក់កណ្តាលខែមេសាឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២៩.៦៨៣នាក់ និងបានបណ្តាលឲ្យប្រជាជនជាង១៤លាននាក់ភៀសខ្លួនចេញ ទាំងខាងក្នុងនិងក្រៅប្រទេសស៊ូដង់ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការអន្តរជាតិ។