រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ី លោក Ivan Velasquez បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ មករា) ថា ក្រុមទ័ពព្រៃរបស់កងទ័ពរំដោះជាតិ ឬហៅថា ELN កំពុងកំណត់គោលដៅលើមេដឹកនាំសហគមន៍ និងអតីតសមាជិកនៃក្រុមឧទ្ទាមដាច់ដោយឡែកមួយនៅក្នុងតំបន់ Catatumbo ភាគឦសាន ខណៈអាជ្ញាធរមូលដ្ឋាននិយាយថា អំពើហិង្សានេះបានសម្លាប់មនុស្សចំនួន ៨០នាក់។

អំពើហិង្សាដែលជាការបង្ហូរឈាមបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កាលពីសប្តាហ៍មុនបាននាំឱ្យលោកប្រធានាធិបតី Gustavo Petro ចោទប្រកាន់ក្រុមឧទ្ទាម ELN ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងផ្អាកការចរចាសន្តិភាពជាមួយក្រុមនេះ។

លោករដ្ឋមន្រ្តី Velasquez បាននិយាយថា ELN ចាប់ផ្តើមការវាយលុកប្រឆាំងនឹងអតីតសមាជិកនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ដែលបានរុះរើក្រោមកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ គ្រួសាររបស់ពួកគេ និងមេដឹកនាំសហគមន៍មួយចំនួនទៀត។

ក្រុមឧទ្ទាមកូឡុំប៊ី បានប្រយុទ្ធជាប្រវត្តិសាស្ត្រប្រឆាំងនឹងរដ្ឋាភិបាល អង្គការយោធាស្តាំនិយម និងប្រយុទ្ធគ្នាឯងទៅវិញទៅមក ដើម្បីគ្រប់គ្រងទឹកដី និងប្រភពចំណូលខុសច្បាប់ ដូចជាការជួញដូរគ្រឿងញៀន។ ក្រុមប្រដាប់អាវុធជារឿយៗក៏កំណត់គោលដៅជនស៊ីវិល ដែលប្រឆាំងសកម្មភាពរបស់ពួកគេផងដែរ៕