ជាមួយនឹងបទឈប់បាញ់ថ្មីបានចូលជាធរមានកាលពីថ្ងៃអាទិត្យ ១៩ មករា គេសង្ឃឹមថានឹងបញ្ចប់ពេលវេលាដ៏បំផ្លិចបំផ្លាញបំផុតនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃជិត ៧៧ឆ្នាំរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈតំបន់ហ្កាហ្សា ប្រឈមមុខនឹងកិច្ចការបន្ទាប់ដ៏លំបាក គឺការកសាងឡើងវិញ។

រដ្ឋាភិបាលដែលដឹកនាំដោយក្រុមហាម៉ាស របស់ហ្កាហ្សា ប៉ាន់ប្រមាណថា ផ្ទះសម្បែងចំនួន ១៤ខ្នងក្នុងចំណោម ១៥ខ្នងទូទាំងហ្កាហ្សា ឬស្មើ ៩៣% ត្រូវបានខូចខាត ដោយលំនៅឋាន ៥ខ្នងក្នុងចំណោមនោះត្រូវបានបំផ្លាញខ្ទេចខ្ទី។ ការបំផ្លិចបំផ្លាញនេះបានធ្វើឱ្យតំបន់ហ្កាហ្សាស្រ្ទីប ពោរពេញដោយកម្ទេចកម្ទីប្រមាណ ៤២លានតោន ស្មើនឹង ១៨០ដងនៃកីឡដ្ឋាន Wembley។

អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា តួលេខ ៦៩% នៃអគារត្រូវបានខូចខាត ដោយមួយក្នុងចំនោមបួន ឬ ២៤% ត្រូវបានបំផ្លាញទាំងស្រុង។ តិចជាងមួយគីឡូម៉ែត្រនៅភាគខាងលិចនៃមន្ទីរពេទ្យឥណ្ឌូនេស៊ី ដែលជាមន្ទីរពេទ្យសំខាន់មួយនៅភាគខាងជើងហ្កាហ្សា តំបន់លំនៅដ្ឋានទាំងមូលត្រូវបានបំផ្លាញ។

មានបំផ្លិចបំផ្លាញទ្រង់ទ្រាយធំផ្សេងទៀតដូចជាការខូចខាតដល់បរិក្ខារទឹក និងអនាម័យគឺមានលក្ខណៈទូលំទូលាយ។ មុនពេលសង្រ្គាម មានផលិតកម្មទឹក ៨០% បានមកពីអណ្តូងទឹកក្រោមដី ប៉ុន្តែឡូវនេះ ភ្នាក់ងារជំនួយប៉ាន់ស្មានថាមានតែ ៨% ប៉ុណ្ណោះនៃអណ្តូងទាំងនោះនៅភាគខាងជើងហ្កាហ្សា អាចប្រើប្រាស់បាន ដោតយបន្ថែមទុក្ខវេទនាកាន់តែខ្លាំងដល់អ្នកស្រុក៕