ការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃចន្ទ (២០ មករា) នេះបានបង្ហាញថា ក្រុមហ៊ុនអាមេរិកចំនួន ៩ ក្នុងចំណោម ១០ ដែលកំពុងប្រតិបត្តិការនៅអឺរ៉ុប ជឿថាទំនាក់ទំនងសេដ្ឋកិច្ចឆ្លងដែននឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ជាមួយនឹងគោលនយោបាយថ្មីដែលរំពឹងទុករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលពន្ធគយជាដើមហេតុចម្បង។

សភាពាណិជ្ជកម្មអាមេរិកប្រចាំសហភាពអឺរ៉ុប (AmCham EU) ដែលមានសមាជិកជាង ១៦០ស្ថាប័ន រួមមាន Apple, Goldman Sachs, Meta និង Visa បាននិយាយថា ការស្ទង់មតិរបស់ខ្លួនបានបង្ហាញថា តួលេខពីរភាគបីនៃអ្នកត្រូវស្ទង់មតិ រំពឹងថាគោលនយោបាយរបស់អាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់ពួកគេនៅអឺរ៉ុប ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

តួលេខប្រហែល ៥២% និយាយថា ពួកគេរំពឹងថានឹងមានផលប៉ះពាល់អវិជ្ជមានពីគោលនយោបាយរបស់សហភាពអឺរ៉ុប។ ក្រុមហ៊ុនមួយចំនួនធំនិយាយថា អឺរ៉ុបមានសារៈសំខាន់ចំពោះប្រតិបត្តិការរបស់ពួកគេ ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុប និងអាមេរិក រួមគ្នាដើម្បីកាត់បន្ថយបទប្បញ្ញត្តិ កាត់បន្ថយរបាំងពាណិជ្ជកម្ម រួមទាំងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកច្បាប់។

លោក Trump បានគំរាមជាច្រើនដងជុំវិញការដំឡើងពន្ធលើប្រទេសជាច្រើន រួមទាំងអឺរ៉ុប ហើយពេលនេះអឺរ៉ុប កំពុងរង់ចាំមើលយ៉ាងប្រយ័ត្នប្រយែង ដោយសង្ឈឹមថាអាចបញ្ចៀសសង្រ្គាមយកពន្ធ៕