អាជ្ញាធរស៊ីរី បានបំផ្លាញថ្នាំជំនួយកម្លាំង Captagon ប្រហែល ១០០លានគ្រាប់ ដែលបានរកឃើញនៅក្នុងឃ្លាំងមួយ នៅជិតកំពង់ផែ Latakia។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA កាលពីថ្ងៃអាទិត្យ។

របាយការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀន នាពេលថ្មីៗនេះ នាយកដ្ឋានសន្តិសុខសាធារណៈនៃរដ្ឋបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរី បានរកឃើញថ្នាំគ្រាប់ Captagon និង «ម្សៅគ្រឿងញៀន» មួយចំនួនធំ ដែលលាក់ទុកនៅក្នុង «ប្រដាប់ក្មេងលេង និងគ្រឿងសង្ហារឹម»។

របាយការណ៍ បានបន្ថែមថា នាយកដ្ឋាននេះជឿថា ថ្នាំគ្រាប់ទាំងនេះ ត្រូវបានរៀបចំសម្រាប់នាំចេញទៅកាន់ប្រទេសអារ៉ាប់ និងប្រទេសលោកខាងលិចមួយចំនួន។
ថ្នាំគ្រាប់ Captagon ដែលជាសារធាតុរំញោចប្រភេទអំហ្វេតាមីនសំយោគ ត្រូវបានផលិតឡើងដំបូង ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីព្យាបាលលក្ខខណ្ឌជំងឺដូចជា ការបំពេញការងារហួសកម្លាំង ជំងឺសរសៃប្រសាទរ៉ាំរ៉ៃ និងជំងឺធ្លាក់ទឹកចិត្ត។ ដោយសារតែសក្តានុពលខ្ពស់សម្រាប់ការញៀនរបស់វា ក្រោយមកថ្នាំគ្រាប់ប្រភេទនេះ ត្រូវបានហាមឃាត់ នៅក្នុងប្រទេសភាគច្រើន ក្នុងអំឡុងឆ្នាំ ១៩៨០។
អាជ្ញាធរស៊ីរី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ហើយបានជំរុញពលរដ្ឋឲ្យជួយដោយការរាយការណ៍ពីសកម្មភាពគួរឲ្យសង្ស័យណាមួយ។