ឥស្សរជនតាលីបង់ជាន់ខ្ពស់ម្នាក់ បានជំរុញឲ្យមេដឹកនាំក្រុមនេះ ដកបម្រាមការអប់រំលើស្ត្រីនិងក្មេងស្រី អាហ្វហ្កានីស្ថាន ដោយនិយាយថា គ្មានលេសសម្រាប់ពួកគេទេ នៅក្នុងការស្តីបន្ទោសជាសាធារណៈដ៏កម្រ ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល។
លោក Sher Abbas Stanikzai អនុប្រធានផ្នែកនយោបាយ នៅក្រសួងការបរទេស បានធ្វើការអត្ថាធិប្បាយ នៅក្នុងសុន្ទរកថាមួយនៅខេត្ត Khost ភាគអាគ្នេយ៍ កាលពីថ្ងៃសៅរ៍ ។
លោកបានប្រាប់ទស្សនិកជន នៅក្នុងពិធីសាលាសាសនាមួយថា គ្មានហេតុផលណាមួយ ដើម្បីបដិសេធការអប់រំដល់ស្ត្រី និងក្មេងស្រីនោះទេ «ដូចជាមិនត្រឹមត្រូវសម្រាប់រឿងនេះ នាពេលអតីតកាល ហើយមិនគួរមានទាល់តែសោះ»។
រដ្ឋាភិបាលតាលីបង់ បានហាមស្ត្រីមិនឲ្យចូលរៀន ក្រោយចប់ថ្នាក់ទី៦។ កាលពីខែកញ្ញាកន្លងទៅ មានសេចក្តីរាយការណ៍ថា អាជ្ញាធរក៏បានបញ្ឈប់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ដ និងវគ្គសិក្សាសម្រាប់ស្ត្រីដែរ។
នៅប្រទេសអាហ្វហ្គានីស្ថាន ស្ត្រី និងកុមារី អាចព្យាបាលបានដោយវេជ្ជបណ្ឌិតស្ត្រី និងអ្នកជំនាញផ្នែកសុខភាពប៉ុណ្ណោះ។ អាជ្ញាធរ នៅមិនទាន់បញ្ជាក់ពីបម្រាមការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ដ នៅឡើយទេ។
លោក Stanikzai បាននិយាយនៅក្នុងវីដេអូមួយ ដែលចែករំលែកដោយគណនីផ្លូវការរបស់លោក នៅលើវេទិកាសង្គម X ថា៖«យើងអំពាវនាវដល់ថ្នាក់ដឹកនាំជាថ្មី ឲ្យបើកឱកាសសម្រាប់ការអប់រំ»។«យើងកំពុងប្រព្រឹត្តអំពើអយុត្តិធម៌ ប្រឆាំងនឹងមនុស្ស ២០លាននាក់ ក្នុងចំណោមប្រជាជន ៤០ លាននាក់ ដោយដកហូតសិទ្ធិរបស់ពួកគេទាំងអស់។ នេះគឺមិនស្ថិតនៅក្នុងច្បាប់ឥស្លាមទេ ប៉ុន្តែជាជម្រើសផ្ទាល់ខ្លួន ឬជាក់ ស្តែងរបស់យើង»។