រដ្ឋមន្រ្តីស្ដាំនិយមជ្រុលរបស់អ៊ីស្រាអែល មួយចំនួនបានជំទាស់ជាសាធារណៈចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ (១៩ មករា) នៅក្នុងសញ្ញាមួយផ្សេងទៀតនៃការខ្វែងគំនិតកាន់តែទូលំទូលាយនៅក្នុងក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីសន្តិសុខជាតិប្រកាន់ជំហរតឹង លោក Itamar Ben-Gvir និងរដ្ឋមន្ត្រីពីររូបផ្សេងទៀតមកពីគណបក្សជាតិនិយម-សាសនារបស់លោក បានលាលែងពីគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu ជុំវិញកិច្ចព្រមព្រៀងនេះ។
គណបក្ស Otzma Yehudit លែងជាផ្នែកនៃក្រុមចម្រុះដែលកំពុងកាន់អំណាចទៀតហើយ ប៉ុន្តែនិយាយថា ខ្លួននឹងមិនព្យាយាមទម្លាក់រដ្ឋាភិបាលលោក Netanyahu ឡើយ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich មិនបានលាលែងពីតំណែងទេ ប៉ុន្តែព្រមានថា ប្រសិនបើអ៊ីស្រាអែល យល់ព្រមបញ្ចប់សង្រ្គាមមុនពេលសម្រេចបាននូវគោលបំណងរបស់ខ្លួននៅហ្កាហ្សា - ដែលរួមបញ្ចូលទាំងការបំផ្លិចបំផ្លាញទាំងស្រុងនៃក្រុមហាម៉ាស - នោះលោក និងគណបក្សរបស់លោក ក៏នឹងចាកចេញពីក្រុមចម្រុះផងដែរ៕