មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Alexander Syrsky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ TSN ថា ប្រទេសអ៊ុយក្រែន មិនមានប្រព័ន្ធការពារមីស៊ីល ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម Oreshnikរបស់រុស្ស៊ីបានទេ។
យោងតាមមេបញ្ជាការកងទ័ពរូបនេះ បានឲ្យដឹងថា «បច្ចុប្បន្ន ពុំមាន [ប្រព័ន្ធបែបនេះ] ទេ» ។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) បានប្រកាសថា ជាការឆ្លើយតបនឹងការវាយប្រហារលើប្រទេសរុស្ស៊ី ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច ទីក្រុងមូស្គូជាលើកដំបូង បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមថ្មីបំផុតរបស់ខ្លួន គឺ Oreshnik ជាមួយនឹងក្បាលគ្រាប់គ្មាននុយក្លេអ៊ែរ ទៅលើរោងចក្រឧស្សាហកម្មដែលមានឈ្មោះថា Yuzhmash នៅក្នុងទីក្រុង Dnepr ។ មីស៊ីល Oreshnik មានសមត្ថភាពធានាក្នុងការវាយលុកគោលដៅណាមួយ ក្នុងរយៈចម្ងាយរហូតដល់ ៥.000គីឡូម៉ែត្រ ដោយសត្រូវមិនមានឱកាសស្ទាក់ចាប់មីស៊ីលនេះបានឡើយ។ ក្រោយមក មេដឹកនាំរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូអាចប្រើប្រាស់មីស៊ីល Oreshnik ម្តងទៀត ប្រសិនបើចាំបាច់ ប៉ុន្តែនឹងមិនធ្វើការសម្រេចចិត្តលឿននោះទេ។