យោងតាមរបាយការណ៍ផ្លូវការមួយកាលពីថ្ងៃអាទិត្យ (១៩ មករា) បានឱ្យដឹងថា ភ្នំភ្លើងមួយនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងយ៉ាងហោចណាស់ ១.០០០ដងរួចមកហើយក្នុងខែមករានេះ ខណៈកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីជម្លៀសអ្នកភូមិរាប់ពាន់នាក់ដែលរស់នៅក្បែរភ្នំនោះ។
ភ្នំអ៊ីប៊ូ (Ibu) ស្ថិតនៅលើកោះដាច់ស្រយាល Halmahera ក្នុងខេត្ត North Maluku បានផ្ទុះដោយបញ្ចេញសំណុំផ្សែងហុយឡើងដល់ទៅ ៤គីឡូម៉ែត្រ ទៅលើមេឃក្នុងការផ្ទុះកាលពីថ្ងៃទី១៥ ខែមករា។
មន្ត្រីឥណ្ឌូនេស៊ីបានបង្កើនស្ថានភាពប្រកាសអាសន្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត និងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនចំនួន ៣.០០០នាក់ ដែលរស់នៅក្នុងភូមិចំនួន៦ នៅក្បែរនោះ។
នេះគឺជាការផ្ទុះមួយក្នុងចំណោមបន្ទុះ ១.០៧៩ដង ដោយភ្នំភ្លើងនេះ ដែលបានកត់ត្រាចាប់តាំងពីថ្ងៃទី០១ ខែមករា ដោយទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ឥណ្ឌូនេស៊ី ដោយបានបញ្ជូនសំណុំផេះឡើងដល់ចន្លោះពី ៣០០ម៉ែត្រទៅ ៤គីឡូម៉ែត្រពីលើកំពូលរបស់វា នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារប្រមូលដោយសារព័ត៌មាន AFP៕